មណ្ឌលគិរី៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មន្ត្រីរាជការ គ្រូបង្រៀន សិស្សានុសិស្ស សរុបចំនួន៦៣៧នាក់ ស្រី៣១៤ នាក់ ក្នុងស្រុកកែវសីមា បានរួមគ្នាសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៧៦A នៅក្នុងស្រុកកែវសីមា ដើម្បីលើកកម្ពស់សោភណ្ឌភាព និងទាក់ទាញអ្នកទេសចរដែលឆ្លង់កាត់ចូលមកកំសាន្តក្នុងខេត្តមណ្ឌលគិរី ។

អភិបាលស្រុកកែវសីមា លោក សាន្ត គឹមអ៊ាប មានប្រសាសន៍ថា ការសម្អាតសម្រាមនៅតាមដងផ្លូវនៅថ្ងៃនេះ គឺធ្វើនៅគោលដៅសំខាន់ៗចំនួន៥ ក្នុងឃុំចំនួន៣ក្នុងស្រុកកែវសីមា ដែលមានអ្នកចូលរួមសរុបជិត១ពាននាក់ ។ សម្រាប់ទីរួមស្រុកកែវសីមា អាជ្ញាធរស្រុកកែវសីមា បានដឹកនាំសម្អាត់កាក់សំណល់សំរាម ពីមុខសាលាស្រុកកែវសីមា តាមបណ្ដោយផ្លូវជាតិលេខ៧៦Aឆ្ពោះទៅព្រំប្រទល់ខេត្តក្រចេះ ។

លោកបានបន្ដថា ការសម្អាតបរិស្ថានតាមដងផ្លូវនេះ ត្រូវបានធ្វើឱ្យមានគុណភាព សោភណ្ឌភាពស្រស់ស្អាតនៃស្រុកកែវសីមា ហើយមិនមែនធ្វើឱ្យតែល្អមើលពីសកម្មភាពក្រុមការងារនោះទេ។ ក្នុងយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឱ្យស្រុករបស់យើង ក្លាយជាទីស្រុកគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ រុក្ខជាតិខៀវខ្ចី ផ្កាចម្រុះពណ៌ និងបង្កើនការយល់ដឹង អំពីអនាម័យបរិស្ថានដល់សាធារណជន ក្នុងគោលបំណងបង្កើនបរិស្ថានស្អាតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រកប ដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។

លោកបានបន្ថែមទៀតថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការសម្អាតអនាម័យបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសំរាម និងអនាម័យទីប្រជុំជន យើងត្រូវធ្វើការផ្សព្វផ្សាយ ទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធដៃគូរអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឱ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីស្រុកដែលមានអនាម័យបរិស្ថានស្អាត និងភូមិដ្ឋានគ្មានសំរាម។

ជាមួយគ្នានេះ ការផ្លាស់ប្តូរឥរិយាបទ និងអាកប្បកិរិយាមនុស្ស ក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុត ព្រោះការបំពុលដោយប្លាស្ទិកនឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនេះកំពុងគម្រាម គំហែងយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីរបស់យើង។ ការរៀបចំយុទ្ធនាការនាពេលនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់សំរាមក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ ប្រកបដោយផាសុខភាព ។

ដូចនេះយើងរួមគ្នារួមចំណែកការពារបរិស្ថាន និងរួមគ្នាចោលសម្រាមឱ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សម្រាម និងចោលសំរាមឱ្យត្រឹមត្រូវ ទៅតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចដែលរៀបចំជូន។ រួមជាមួយគ្នានេះដែរ អភិបាលស្រុកកែវសីមា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ជួយសម្អាតបរិស្ថាននៅតាមមុខផ្ទះរៀងៗខ្លួន ដើម្បីឱ្យមានសោភណ្ឌភាពស្អាត និងជៀសវាងការស្ទះដល់ប្រព័ន្ធលូ និងការហូរទឹកភ្លៀងមិនទាន់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed