មេចោរប្លន់ដែលតាំងខ្លួនជាអតីតមន្ត្រីកងរាជអាវុធហត្ថ និងមានប្រវត្តិធ្លាប់សម្លាប់មនុស្ស ពាក់វត្ថុស័ក្តិសិទ្ធិខ្នាយតាន់ស្ទើរតែមួយជុំក មិនខ្លាចសូម្បីគ្រាប់កាំភ្លើង បែរជាមកចុះចាញ់នឹងវិធីសាស្រ្តប្រើពាក្យសម្ដីលួងលោមដ៏ប៉ិនប្រសប់របស់នាយឧត្តមសេនីយ៍សៅសុខា។
យោងតាមសារសំឡេងឆ្លើយឆ្លងគ្នារវាងជនសង្ស័យនិងសមត្ថកិច្ច ក៏ដូចជាមួយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុត្ថលើផ្ទៃប្រទេស។ គេឮមេចោររូបនេះ និយាយថា រូបគេបាញ់មិនត្រូវទេ បើចេះត្រូវសមត្ថកិច្ចបាញ់ស្រោចបែបនេះត្រូវបាត់ហើយ។ ចំពោះរូបគេសេចក្តីស្លាប់ជារឿងធម្មតា។ ត្រង់ចំណុចនេះហាក់បង្ហាញថា ចោររូបនេះដូចមិនខ្លាចញញើតនិងគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចសោះ ទំនងអាងលើវត្ថុសក្តិសិទ្ធិ មន្តអាគម តែរឿងគួរឲ្យចាប់អារម្មណ៍ មេចោរចិត្តស្លុយរូបនេះ បែរជាព្រមទម្លាក់អាវុធ ប្រគល់ខ្លួនឲ្យមន្ត្រីកងរាជអាវុហត្ថចាប់ខ្លួន ព្រោះតែចាញ់នឹងវិធីសាស្ត្រប្រើពាក្យសម្ដីលួងលោមដ៏ប៉ិនប្រសប់របស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅវិញ។
សូមរម្លឹកថា នៅក្នុងប្រតិបត្តិការប្រដាប់អាវុធ ព័ទ្ធចាប់មេចោរប្លន់ចិត្តស្លុយមួយរូប ធ្វើឱ្យកក្រើកក្រុងកំពង់ចាម កាលពីថ្ងៃទៅ ២៥ កុម្ភៈ ២០២៥ មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន។ យោងតាមវីដេអូដែលបង្ហាញពីសកម្មភាពប្រតិបត្តិការរបស់កងកម្លាំងខេត្តកំពង់ចាម គេឃើញមន្ត្រីនគរបាលជាតិ ក៏ដូចជាមន្ត្រីកងរាជអាវុធហត្ថ ប្រដាប់ដោយអាវុធវែងខ្លីគ្រប់ដៃ បានឡោមព័ទ្ធនិងទម្លុះទ្វារសម្រុកចូលចាប់ខ្លួនមេចោរប្លន់មួយរូបនៅផ្ទះវីឡាមួយកន្លែកស្ថិតនៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
យោងតាមតាមវីដេអូ គេឃើញសមត្ថកិច្ចបានបាញ់ និងស្រែកគម្រាមឲ្យបុរសសង្ស័យជាមេចោរប្លន់បើកទ្វារបន្ទប់ ទ្វារមិនបើកឡើយ ជំនួសមកវិញនូវការបាញ់តបតរសន្ធប់មកលើកម្លាំងសមត្ថកិច្ច។ ត្រង់ចំណុចនេះធ្វើឲ្យមហាជនស្ងប់ស្ងែងនូវសេចក្តីអង់អាចក្លាហានរបស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាមន្ត្រីកងរាជអាវុធហត្ថនៅខេត្តកំពង់ចាម ដែលកំពុងស្ថិតក្នុងស្ថានការគ្រោះថ្នាក់ បែរមិនខ្លាច មិនដកថយ រិតតែចូល ហ៊ានពលីប្ដូរជីវិតដើម្បីបង្ក្រាបមេចោរប្លន់រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ពួកគាត់លើកឡើងថា វិរៈភាពអង់អាចក្លាហានរបស់កងកម្លាំងខេត្តកំពង់ចាម សមនឹងទទួលបានការកោតសរសើ និងលើកតម្កើង។
ដោយឡែក ជុំវិញការអះអាង របស់មេចោរប្លន់ ដែលថាខ្លួនជាអតីតមន្ត្រីកងរាជអាវុធហត្ថនោះ ត្រូវបានឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសច្រាលចោល។ បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ អែម នាង ហៅប្រេស៊ីល មុខរបរអ្នករត់តាក់ស៊ី និងជាបុគ្គលិកវីញ រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្មនៅពន្ធនាគារត្រពាំងផ្លុង។ ជនសង្ស័យបានអះអាងថា បានចូលបម្រើអាវុធហត្ថនៅឆ្នាំ១៩៩៣ វគ្គទី១ បានរត់ចោលជួរនៅឆ្នាំ១៩៩៩។ តាមការស្រាវជ្រាវរបស់ជំនាញបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ អែម នាង មិនមានក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថទេ។
សូមបញ្ជាក់ថា នៅក្នុងប្រតិបត្តិការឡោមព័ទ្ធចាប់ក្រុមចោរប្លន់ខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ និងក្មេងតូចម្នាក់។ ហើយបើតាមលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការខេត្តកំពង់ចាម ការបង្ក្រាបនេះជនល្មើសប្រដាប់ដោយអាវុធខ្លីK54 បាញ់មកលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួសគល់ភ្លៅ ធ្លាយឆ្អឹងម្នាក់។ នគរបាលដែលរងរបួស គឺលោកវរសេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕