ស្ទឹងត្រែង៖ យាយម៉ា ឈ្មោះពិត សៅ សាលម៉ា រួមនិងបក្សពួកមួយចំនួនទៀតដែលល្បីល្បាញថាពុំមានអ្នកណាហ៊ានប៉ះពាក់ព័ន្ធក្នុងសំណុំរឿងកាប់ព្រៃវាទយកដីរដ្ឋលក់បន្តទៅឲ្យប្រជាជន ពេលនេះត្រូវអស់លក្ខណ៍ដោយការក្រសោបចាប់ខ្លួនម្ដងម្នាក់ៗក្រោមស្នាដៃក្រុមអន្តរាគមន៍ពិសេសរបស់សម្តេចមហាបវរធិបតី រួមសហការគណៈបញ្ជាការឯកភាពខេត្តរួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អោយដឹកនាំក្រុមការងារចុះប្រតិបត្តិការផ្ទាល់ រួមគ្នាជាមួយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងចម្រុះ ចុះអនុវត្តប្រតិបត្តិការយ៉ាងក្តៅគគុកវែករកមុខមេខ្លោង និងជនល្មើសដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់នៅក្នុងខេត្តស្ទឹងត្រែងឱ្យខាងតែបាន។
ជាក់ស្តែងនៅក្នុងប្រតិបត្តិការរយៈពេល២៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៤នេះជាលទ្ធផលក្នុងប្រតិបត្តិការក្តៅគគុកនេះ ក្រុមការងារបានសម្របសម្រួលពន្យល់បងប្អូនប្រជាពលរដ្ឋដែលលង់ចាញ់បោកមេខ្យល់ឱ្យពួកគាត់យល់ និងស្ម័គ្រចិត្តព្រមរុះរើចាកចេញពីដីក្នុងតំបន់ការពារធម្មជាតិដោយរីករាយ និងសន្តិវិធី ។
ដោយឡែកក្រុមមេខ្លោង និងបក្ស ពួកនៅពីក្រោយរឿងនេះរួមមាន ទី១.យាយម៉ា ឈ្មោះពិត សៅ សាលម៉ា ២.តាជ័យ សែន ឈ្មោះពិត សុខ យឿន ៣.ឈ្មោះ អ៊ិន ភុំ ៤.ឈ្មោះ សាន តឿង ៥.ឈ្មោះ សន សឿង ៦. ឈ្មោះ សន គាវលី ៧.ឈ្មោះ ទ្រី ស៊ីនាង ៨.ឈ្មោះ ហ៊ុន វិបុល ហៅវណ្ណា ៩.ឈ្មោះ ចាន់ រី ហៅជាតិ និងទី១០ឈ្មោះ ពៀច ចាន់ (ដែលគេស្គាល់ថាជាប្រធានអង្គការថែរក្សាការពារធម្មជាតិ ប្រចាំខេត្តស្ទឹងត្រែង ខេត្តរតនគរី ខេត្តក្រចេះ និងខេត្តព្រះវិហារ) ។
ក្នុងចំណោមមេខ្លោងមានឈ្មោះខាងលើគេល្បីថាជាមេឈ្មួញ និងបក្សពួកមេខ្លោងដុសស្លែរឿងជួញដូរដី និងកៀរគរមនុស្សឱ្យមកកាប់ទន្ទ្រានដីព្រៃខុសច្បាប់ជាង១ម៉ឺនហិកតានៅក្នុងខេត្តស្ទឹងត្រែង ហើយថែមទាំងល្បីថាគ្មាននរណាហ៊ានប៉ះសូម្បីតែមួយសរ
សៃសក់ និងធ្លាប់តែបានចិត្តធ្វើសកម្មភាពផ្តេសផ្តាសយ៉ាងគឃ្លើន ចេះតែបន្តចលនាកៀរគរប្រជាពលរដ្ឋ ទាំងបងប្អូនខ្មែរ និងបងប្អូនខ្មែ-ឥស្លាម ឱ្យមករំលោភបំពានកាប់ទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃ និងតំបន់ការពារធម្មជាតិដែលគ្រប់គ្រងដោយក្រសួងបរិស្ថានដើម្បីលក់ដូរខុសច្បាប់យ៉ាងអាណាធិបតេយ្យ នៅចំណុចភ្នំក្រឡាពស់ ក្នុងតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ស្ថិតក្នុងស្រុកសេសាន និងតំបន់ដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ ពេលនេះដល់ថ្ងៃអន្សារ ត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែងចាប់
ខ្លួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនបន្តទៀត។
ចំពោះដីព្រៃឈើដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខុសច្បាប់ នៅតំបន់ភ្នំក្រឡាពស់ ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង ស្ថិតក្នុងស្រុកសេសាន ត្រូវបានខូចខាតទាំងស្រុងប្រមាណ៧ពាន់ហិកតា និងគ្រោងរងការខូចខាតប្រមាណ៦-៧ពាន់ហិកតាបន្ថែមទៀត រីឯព្រៃឈើក្នុងដែនជម្រកសត្វព្រៃឆែប-ព្រះរកា ស្ថិតក្នុងស្រុកបូរីអូរស្វាយសែនជ័យ ដែលរងការដុតបំផ្លាញ និងកាប់ទន្ទ្រានខូចខាតទាំងស្រុងប្រមាណជាង៦រយហិកតា និងគ្រោងរងការខូចខាតប្រមាណ៥-៦រយហិកតាបន្ថែមទៀត ត្រូវបានក្រុមការងារអនុវត្តប្រតិបត្តិការពិសេសរំដោះបានយកមកប្រគល់ជូនមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីគ្រប់គ្រងមើលថែរក្សាការពារជាសម្បត្តិធនធានធម្មជាតិឡើងវិញ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក្នុងនាមប្រធានក្រុមការងារប្រតិបត្តិការពិសេសបានរំលឹកផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ សូមឈប់ចាញ់បោកមេខ្យល់អូសទាញឱ្យទៅដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់តទៅទៀត ហើយសូមបងប្អូនទាំងអស់គ្នាស្វែងយល់អំពីតម្លៃ និងសារៈសំខាន់របស់ព្រៃឈើសម្រាប់ជីវិតមនុស្ស សត្វ និងជីវចម្រុះ ព្រោះព្រៃឈើ គឺជាជម្រកសត្វព្រៃនានា ព្រៃឈើគឺជាគម្របទប់ស្កាប់ការឡើងកម្តៅផែនដី ព្រៃឈើជាអ្នកទាក់ទាញទឹកភ្លៀងយ៉ាងចាំបាច់ ហើយព្រៃឈើក៏ជាអ្នកបង្កីតខ្យល់អុកស៊ីសែនសម្រាប់មនុស្ស សត្វ និងជីវចម្រុះ ដកដង្ហើមរស់ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាការពារព្រៃឈើ និងត្រូវចេះស្រលាញ់ព្រៃឈើទាំងអស់គ្នា៕