អាណាព្យាបាលកុមារាដែលបាត់ខ្លួន និងអ្នករុករកជាច្រើននាក់ មានការរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយពីរាវរកឃើញសាកសពកុមារារងគ្រោះដែលស្លាប់.គាបជាប់នឹងប្រគាបឈើនៅបាតទឹកយ៉ាងជ្រៅនៅតំបន់ទឹកធ្លាក់សំឡូតចាស់ ។ នេះបើតាមការផ្ដល់ព័ត៌មានរបស់អធិការស្រុកសំឡូត ។
លោក ម៉ែន រីម អធិការស្រុកសំឡូតបានប្រាប់អោយដឹងថា កុមារាដែលបាត់ខ្លួនត្រូវគេរកឃើញហើយនៅវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃទី១៧ តុលា នេះ ដោយកុមារាបានស្លាប់គាបជាប់នឹងប្រគាបឈើដ៏ធំនៅបាត់ទឹកកន្លែងជ្រៅ ។
លោកថា ក្មេងប្រុសនេះទំនងត្រូវទឹកហូរកួចចូលទៅកន្លែងជ្រៅ ហើយគាបជាប់នៅនឹងដើមឈើនៅក្រោមទឹក ទើបអ្នករុករករាវរកមិនឃើញ ។ ប៉ុន្តែយ៉ាងណា ដោយសារការប្រឹងប្រែងមិនឈប់របស់សមត្ថកិច្ច និងក្រុមគ្រួសារ រួមទាំងអ្នកភូមិ និងមន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះផង ទើបរាវរាកឃើញសាកសពក្មេងប្រុសអភ័ព្វនោះនៅជាប់ប្រគាបឈើបាតទឹក ។
កុមារា អួន មេសា អាយុ០៦ឆ្នាំ រស់នៅខេត្តប៉ៃលិន បានបាត់ខ្លួន នៅរសៀលថ្ងៃទី១៦ តុលា ខណៈធ្វើដំណើរជាមួយឪពុកម្ដាយទៅលេងតំបន់ទឹកធ្លាក់សំឡូតចាស់ (ស្ទឹងបរឡាង) ក្នុងស្រុកសំឡូត ។ ដំបូងគេបានសន្និដ្ឋានបឋមថា កម្មេងប្រុសនេះអាចឡើងជិះរថយន្តគេដោយច្រឡំ ទើបរកមិនឃើញនៅកន្លែងតំបន់ទឹកធ្លាក់ ។ អាណាព្យាបាល សាច់ញាតិ និងសមត្ថកិច្ច បានប្រឹងប្រែងចុះរាវរកក្នុងទឹកផង នៅក្នុងព្រៃផង តាំងពីម៉ោងកើតហេតុ រហូតដល់ម៉ោង១០ព្រឹកថ្ងៃទី១៧ តុលា នេះ តែពុំមានតម្រុយឡើយ ។
ប៉ុន្តែស្រាប់តែនៅវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃដដែលនេះ ទើបត្រូវបានគេរាវរកឃើញក្មេងប្រុសនោះ ដោយបានស្លាប់ជាប់ប្រគាបដើមឈើនៅក្រោយទឹកយ៉ាងជ្រៅ ។ ពេលនេះសាកសពកុមារារងគ្រោះ ត្រូវបានក្រុមគ្រួសារនាំយកទៅកាន់លំនៅឋានហើយ ក្រោមសម្រែកទ្រហ៊ោយំយ៉ាងសោកសៅបំផុត ។