ស្ទឹងត្រែង៖ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង, បានចុះសាក់សួរសុខទុក្ខ និងបាននាំយកអំណោយជូនដល់កងទ័ពក្នុងកងអនុសេនាធំលេខ១ ផ្នែកសឹករងសៀមប៉ាងចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងកងកម្លាំងគិលានុដ្ឋាននៃយោធភូមិភាគទី១ ឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។

មានប្រសាសន៍ក្នុងឪកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង នាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចក្រឡាហោម ជូនដល់កងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ ពិសេសជិតចូលឆ្នាំប្រពៃណីជាតិខ្មែរមកដល់នាពេលខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ចាក់ថា ការនាំយកនូវអំណោយនាពេលនេះ គឺសរបញ្ជាក់ឲ្យឃើញពីការផ្សារភ្ជាប់រវាងកម្លាំងជួរមុខ ដែលមានកងកម្លាំងកងទ័ព ក៏ដូចកម្លាំងនគរបាលការពារខ្សែបន្ទាត់ព្រំដែន រួមនិងកម្លាំងជួរក្រោយ ដែលមានគណបញ្ជាការឯកភាពខេត្ត ដោយមានឯកឧត្តមអភិបាលខេត្តជាប្រធាន និង មន្ទីរអង្គភាពនានាជាសេនាធិការឲ្យរដ្ឋបាលខេត្ត ។

ឯកឧត្តម ស្វាយ សំអ៊ាង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់បងប្អូន កងទ័ព ដែលបានពលីនូវសាច់ស្រស់ ឈាមស្រស់ តស៊ូរស់នៅឆ្ងាយពីគ្រួសារ ដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ។ លើសពីនេះ ឯកឧត្តមអភិបាលខេត្តបានរំលឹកដល់កងកម្លាំងទាំងអស់ថា÷ ភារៈកិច្ចកងកម្លាំងនៅពេលនេះ ក្រៅពីការពារបូរណភាពទឹកដី កងកម្លាំងទាំងអស់ក៏ត្រូវតែបង្ក្រាបបទល្មើសផ្សេងៗ ដែលតែងកើតមាននៅតាមខ្សែព្រំដែនឲ្យមានប្រសិទ្ធិភាពផងដែរ។

ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ក៏បានលើកឡើងអំពីតម្លៃនៃសន្តិភាព ដោយឯកឧត្តម បានបញ្ជាក់ថា ប្រទេសកម្ពុជាមានសន្តិភាព ដូចសព្វថ្ងៃនេះ ដោយបានការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែស្វែងរកសន្តិភាពជូនជាតិមាតុភូមិ និងបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ ទទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ក៏បានរំលឹកដល់កម្លាំងដែលនៅឈរមុខ តាមខ្សែបន្ទាត់ព្រំដែន ទាំងអស់ត្រូវ ថែរក្សាឲ្យបាន នូវ ចំណុចសំខាន់ ៣ គឺ សន្តិភាព សាមគ្គីសហប្រតិបត្តិការ នឹង ការអភិវឌ្ឍ នៅតាមព្រំដែន ជាមួយ ប្រទេសជិតខាងឲ្យបានល្អ ។

សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តស្ទឹងត្រែងនាំយកមកប្រគល់ជូនដល់កងទ័ពក្នុងកងអនុសេនាធំលេខ១ ផ្នែកសឹករងសៀមប៉ាងចំណុះអោយតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ រួមមានអង្ករប្រណិត ៣៥០០ គីឡូក្រាម មីម៉ាម៉ា ១២ កេសធំ ស្មើនិង ៧២ កេសតូច ត្រីខកំប៉ុង១២កេស ទឹកស៊ីអ៉ីវ ១២កេស ទឹកត្រី១២កេស ទឹកបរិសុទ្ធសេកុង៤០កេស ប្រហុកត្រី ១០ គីឡូក្រាម និងថវិកា ៦ .០០០ .០០០ រៀល និងអំណោយរបស់ ឯកឧត្តម ផៃ ប៊ុនឈឿន នូវ អង្ករ ៥០០ គីឡូក្រាម ផងដែរ ។ ក្រៅពីនេះ កម្លាំងគិលានុដ្ឋាននៃយោធភូមិភាគទី០១ទទួលបាន អង្ករ ១.៣០០ គីឡូក្រាម មីម៉ា០៤ កេសធំ ស្មើនឹង ២៤ កេសតូច ត្រីខកំប៉ុង ០៤ កេស ទឹកស៊ីអ៉ីវ ០៤ កេស ទឹកត្រី ០៤ កេស ទឹកបរិសុទ្ធ សេកុង ២០ កេស ប្រហុក ០៥ គីឡូក្រាម ថវិកា ២.០០០.០០០ រៀល និង អំណោយ របស់ឯកឧត្តម ផៃ ប៊ុនឈឿន នូវ អង្ករ ៥០០ គីឡូក្រាម ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed