រាជធានីភ្នំពេញ៖ ពាក្យចាស់លោកពោលថា រពឹសដៃផ្ទៃឆ្អែត តែមន្ត្រីយោធាម្នាក់នេះវិញរពឹងដៃកេះកៃកាំភ្លើងបាញ់មេឃ៥គ្រាប់ ត្រូវនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចលុបឈ្មោះ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ បន្ទាប់ពីបុគ្គលនេះបានបាញ់បោះសេរី ប្រព្រឹត្តនៅយប់ថ្ងៃទី២ ខែឧសភាកន្លងទៅ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី៣ ខែឧសភា បានបញ្ជាក់យ៉ាងដូច្នេះថា៖«លុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះ វរសេនីយ៍ត្រី ផាត ផានណូ អត្តលេខ ០៦៩៣០១ តួនាទីជា ជំនួយការ នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ។ មូលហេតុ ល្មើសច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។

មន្ត្រីយោធាដែលត្រូវថ្នាក់លើបណ្តេញចេញពីក្របខណ្ឌរូបនេះ បាននិយាយថា ខ្លួនឆ្លៀតពេលពីការងារទៅបម្រើការ ផ្នែកសន្តិសុខ នៅកន្លែងកម្សាន្តមួយកន្លែង២ខែមកហើយ។ ហើយនៅថ្ងៃកើតហេតុ វេលាម៉ោងជាង០៣ទៀបភ្លឺ ពេលចេញពីធ្វើការជិះម៉ូតូដល់មុខផ្ទះ ស្រាប់តែឃើញក្រុមក្មេងស្ទាវ៤នាក់ រត់ចេញពីផ្លូវតូចសំដៅមករកខ្លួន មិនដឹងជាមានបំណងអ្វី ដើម្បីការពារខ្លួនក៏ដកអាវុធខ្លីពីចង្កេះបាញ់ឡើងលើចំនួន០៥គ្រាប់ ដែលមិនបណ្តាលឱ្យមាននរណាម្នាក់រងរបួសឡើយ ពេលនោះក្រុមក្មេងស្ទាវបានរត់បាត់អស់ ហើយខ្លួនក៏ចាក់សោទ្វារចូលផ្ទះសម្រាកដូចសព្វដង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់ស្រាវជ្រាវនិងនាំខ្លួនមន្ត្រីយោធាម្នាក់នេះ មកសួរនាំ រហូតឈានដល់លុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed