លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ និង​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ថា ​អ្នកវិភាគ និង​សង្គម​ស៊ី​វិល​មួយ​ចំនួន​នៅ​កម្ពុជា​មិន​គួរ​ផ្សា​ភ្ជាប់​រឿង​កម្មករ ជាមួយ​និង​របៀបវារៈ​នយោបាយ​នោះ​ទេ ពីព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​និរន្តរភាព​ការងារ​របស់​ពលករ និង​ផលប្រយោជន៍​រួម​របស់​សង្គម​ជាតិ ​។

ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ បាន​មើលឃើញ​ថា អ្នកវិភាគសង្គម​ស៊ី​វិល និង​សហជីព​មួយ​ចំនួន​នៅ​តែ​យក​រឿង​ការ​កាត់​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ Everything But Arm (EBA) ពី​សំណាក់​សហភាព​អ៊ឺ​រ៉ុ​ប​ចំនួន ​២០%​ នា​ពេល​កន្លង​ទៅថា ​ប៉ះពាល់​ទៅ​ដល់​ការងារ​របស់​កម្មករនិយោជិត និង​ការ​បិទ​រោងចក្រ​ឧស្សាហកម្ម​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។

លោក​បណ្ឌិត​បាន​គូសបញ្ជាក់​បន្ត​ថា បើ​ទោះបី​មានការ​កាត់​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ ប៉ុន្តែ​ការ​បញ្ជា​ទិញ​ទំនិញ​ខាង​វិស័យ​កាត់ដេរ​នៅ​តែ​រក្សា​ស្ថាន​ភាពល្អ ត្បិត​ស្ថានភាព​នយោបាយ​នៅ​លើ​ពិភពលោក​គ្មាន​ស្ថេ​រ​ភាព និង​បង្ក​ផល​ប៉ះពាល់​ការ​នាំ​ចេញ ​។ ការ​អនុគ្រោះ​ពន្ធ Everything But Arm (EBA វា​នឹង​កាត់​ផ្តាច់​ទាំងស្រុង នៅ​ពេល​ប្រទេស​កម្ពុជា​លោត​ផុត​ពី​ប្រទេស​ក្រីក្រ ដូច្នេះ​កម្ពុជា​ត្រូវ​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រកួតប្រជែង​ស្មើមុខស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ដោយ​មិន​រង់ចាំ​ការ​ផ្តល់​ការ​ដកដង្ហើម​ពី​សំណាក់​ភាគី​ណាមួយ​នោះ​ទេ​ ។

អ្នកជំនាញ​រូប​នេះ​ថា​ ៖ «​បុគ្គល​មួយ​ចំនួន​នៅ​តែ​លើក​ឡើង​បញ្ហា​នេះ ដែល​វា​ជា​សារ​នយោបាយ​! ចឹ​ង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​របស់​សង្គម​ស៊ី​វិល​មួយ​ចំនួន​ដែល​គាត់​ទទួល​បាន​កញ្ចប់​ថវិកា​ពី​បណ្តា​សហគមន៍ និង​ប្រទេស​មួយ​ចំនួន ចឹ​ង​គាត់​ត្រូវ​តែ​លើក​សារ​នយោបាយ​ណាមួយ​ដែល​ត្រូវ​ទៅ​នឹង​ម្ចាស់​មូលនិធិ​នោះ​ផង​ដែរ ដូច្នេះ​វា​ប៉ះពាល់​ទៅ​ដល់​ឆ្នាំងបាយ​រួម​»​ ។

អ្នកជំនាញ​រូប​នេះ​អំពាវនាវ​ឱ្យ​បុគ្គល​ដែល​ជា​សង្គម​ស៊ី​វិល​មួយ​ចំនួន​សូម​គិតគូរ​ទៅ​ដល់​ផលប្រយោជន៍​រួម ត្រួ​វ​គិតគូរ​នៅ​ពេល​ធ្វើ​សកម្មភាព​របស់​ខ្លួន ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សង្គម​ជាតិ​។ គ្រប់​ភាគី​ទាំងអស់​ត្រូវ​តែ​គិត​អំពី​ស្ថេ​រ​ភាព​នយោបាយ សង្គម ដើម្បី​ឱ្យ​ខ្លួនឯង​មាន​លទ្ធភាព​ក្នុង​ការ​បន្ត​និរន្ត​ភាព​សេដ្ឋកិច្ច​ទៅ​មុខ ដោយ​ពុំ​មាន​បញ្ហា​ក្តីក្តាំ​ង​បែប​នេះ​មក​បង្អាក់ដំណើរ​របស់​កម្ពុជា​ ៕

Leave a Reply

Your email address will not be published. Required fields are marked *