នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ សម្តេចធិបតី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។
ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)។
ជាកិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃការរៀបចំ និងការដាក់ឱ្យអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយផ្តោតលើ៖ (១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព, (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង (៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ឯកឧត្តម ហ៊ុន ម៉ានី សម្តេចធិបតី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្នុងរយៈពេល ៩ខែមកនេះ និងបានគូសបញ្ជាក់លើចំណុចសំខាន់ៗដូចខាងក្រោម៖ (១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើ ត្រូវអនុវត្តបន្តតាមអភិក្រម «រើសឱ្យចំ ប្រើឱ្យត្រូវ រក្សាឱ្យនៅ» (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងធ្វើឱ្យបានសម្រេចលើការងារនេះឱ្យបានតាមគោលដៅ គឺ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ និង (៣) ក្រសួងមុខងារសាធារណៈត្រូវជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មនេះឱ្យបានសមស្រប និងទាន់ពេល។
នៅក្នុងកិច្ចប្រជុំនេះដែរ សម្តេចធិបតី ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។ សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍បន្ថែមមួយចំនួនសម្រាប់ជាទិសដៅការងារដែលត្រូវអនុវត្តបន្តរបស់ គ.វ.រ. ដូចខាងក្រោម៖
(១) ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋានរបស់ គ.វ.រ. ត្រូវបន្តដឹកនាំ និងសម្របសម្រួលការងារអនុវត្តផែនការសកម្មភាពវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាមួយនឹងការចូលរួមសហការ និងគាំទ្រពីគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
(២) ត្រូវបន្តរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការសម្រាប់ផែនការក្របខណ្ឌដែលបានអនុម័តក្នុងឆ្នាំ២០២៣ និង ផ្អែកលើគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល ដោយត្រូវរៀបចំឱ្យមានផែនការប្រឡងប្រជែងជ្រើសរើស និងអនុវត្តទៅតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិល ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីខែកុម្ភៈឆ្នាំ២០២៤កន្លងមក។
(៣) ត្រូវជំរុញក្នុងការរៀបចំក្របខណ្ឌគតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រងមន្រ្តីបច្ចេកទេសសុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀង) ឱ្យបានរួចរាល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤ ដើម្បីមានមូលដ្ឋានក្នុងការជ្រើសរើស នាពេលខាងមុខ ហើយក៏ជាមូលដ្ឋានសម្រាប់ការគិតគូរៀបចំក្របខណ្ឌគតិយុត្តនៃការជ្រើសរើស និងគ្រប់គ្រងមន្រ្តីបច្ចេកទេសក្នុងវិស័យ អប់រំ និងក្នុងវិស័យគន្លឹះដទៃផ្សេងទៀត។
(៤) ត្រូវបន្តកិច្ចការពិនិត្យឡើងវិញ, ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ក៏ដូចជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីក្រសួង-ស្ថាប័ន និងមន្រ្តីថ្នាក់មូលដ្ឋានសម្រាប់វិស័យ អប់រំ និងវិស័យសុខាភិបាល ដោយឈរលើអភិក្រមពង្រឹង និងរៀបចំផ្ទះរបស់ខ្លួនឱ្យបានស្អាត ដោយក្នុងនោះត្រូវ៖
– មានការកំណត់មុខងារឱ្យបានច្បាស់លាស់នៅក្នុងកម្រិតក្រសួង និងអង្គភាពរបស់ក្រសួង
– ការរៀបចំរចនាសម្ព័ន្ធរបស់អង្គភាព ត្រូវគិតគូរដល់ការគាំទ្រការអនុវត្តមុខងារ ដែលអាចធានាបាននូវប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នានៅក្នុងដំណើរការក្នុងក្របខណ្ឌការងាររបស់ក្រសួងនីមួយៗ សំដៅឆ្ពោះទៅគាំទ្រក្របខណ្ឌរដ្ឋាភិបាលទាំងមូល ដោយភាពប្រទាក់ក្រឡាគ្នានេះអាចធានាបាននូវផលវិជ្ជមានប្រសើរជាងមុន និងផ្តល់ផលប្រយោជន៍ជារួមជូនដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលនិងប្រើប្រាស់សេវាសាធារណៈ
– ការប្រើប្រាស់ធនធានមនុស្ស ត្រូវអនុវត្តទៅតាមរចនាសម្ព័ន្ធដែលបានកំណត់ ដែលក្នុងនោះត្រូវកំណត់ក្របខណ្ឌមុខតំណែងឱ្យបានច្បាស់លាស់ ដើម្បីមានមូលដ្ឋានក្នុងការភ្ជាប់ការអនុវត្តជាមួយមុខងាររបស់អង្គភាព ដែលកិច្ចការនេះនឹងផ្តល់ជាមូលដ្ឋានឈានទៅបន្តការពិនិត្យមើលស្ថានភាពលើស ឬ ខ្វះមន្រ្តី ការរៀបចំផែនការជ្រើសរើស ការរៀបចំផែនការពង្រាយមន្រ្តី ការរៀបចំផែនការបណ្តុះបណ្តាល ព្រមទាំងជាមូលដ្ឋានគិតគូរអំពីលទ្ធភាពរៀបចំផែនការចូលនិវត្តន៍មុនកាលកំណត់ផងដែរ។
ជាចុងក្រោយ សម្តេចធិបតី បានស្នើ និងលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ បន្តខិតខំអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម ព្រមទាំងពង្រឹងនូវកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើររវាងគ្នាទៅវិញទៅមក ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”៕