សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «សង្ក្រាន្ដ នៅកម្ពុជា» នឹងចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅឆ្នាំ២០២៥។ នៅឆ្នាំនេះ សម្ដេចធិបតី ក៏បានប្រកាសឱ្យប្រជាជនកម្ពុជារៀបចំសង្រ្កាន្តឱ្យបានគ្រប់ទិសទី ដើម្បីអបអរឆ្នាំថ្មីឱ្យបានសប្បាយរីករាយ ព្រោះយើងមិនបានបាត់បង់«សង្ក្រាន្ដ»ទៅណាទេ។
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី “ បុណ្យឆ្លងព្រះបទុមចេតិយ វត្តមណីរតនារាម” នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ មីនា ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារនានា ដើម្បីដាក់ពាក្យ «សង្ក្រាន្ដ នៅកម្ពុជា» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅឆ្នាំ២០២៥ ប្រយោជន៍ជៀសវាងកុំឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភតទៅទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ឥឡូវ ដើម្បីកុំឱ្យប្រជាពលរដ្ឋបារម្ភទៅទៀត ថាថ្ងៃក្រោយតើយើងអាចប្រើពាក្យ សង្ក្រាន្ដ ឬធ្វើពិធីប្រារព្ធសង្ក្រាន្ដកម្ពុជាបានឬទេ? ខ្ញុំបានឱ្យក្រសួងវប្បធម៌ ដើម្បីត្រៀមឯកសារ ដើម្បីចុះបញ្ជីសង្ក្រាន្ដនៅកម្ពុជា ឱ្យរួចរាល់នៅឆ្នាំក្រោយនេះ»។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានបន្ដថា ការដាក់សង្ក្រាន្ដកម្ពុជា ក្នុងបញ្ជីបេតិភណ្ឌអរូបីនៅឆ្នាំក្រោយនេះ ដើម្បីកុំឱ្យមានការភ័ន្តច្រឡំផ្សេងទៀត ចំពោះបញ្ហាសង្ក្រាន្ដនេះ ព្រោះថា ប្រពៃណីវប្បធម៌ស្រដៀងៗគ្នា។

សម្ដេចធិបតី បានបញ្ជាក់ថា ការព្រួយបារម្ភ របស់ប្រជាពលរដ្ឋ គឺជាការត្រឹមត្រូវ ក្នុងស្មារតីការពារវប្បធម៌ កម្ពុជា មិនបានធ្វេសប្រហែស មិនឱ្យប្រទេសយកនូវអ្វីជាវប្បធម៌របស់ខ្មែរ ដោយមិនបានការពារនោះទេ ជាពិសេសសង្ក្រាន្កនេះ គឺមិនមានអ្វីបាត់បង់នោះទេ។
ស្របពេលជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា ក៏ត្រៀមចុះសម្បត្តិវប្បធម៌អរូបី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ចំនួន ៧ទៀត ហើយឆ្នាំនេះ ត្រៀមចុះបញ្ជី ក្រមា ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *

You missed