(ស្ទឹងត្រែង) ÷នាព្រឹកថ្ងៃ ទទី២៧ ខែ មិថុនា ឆ្នាំ២០២២ នេះ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និង លោក ឈាង ឡាក់ អនុប្រធានកិត្តិយសសាខា ព្រមទាំង សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានចុះសួរសុខទុក្ខ និងផ្តល់អំណោយរបស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ សរុបចំនួន ១០០គ្រួសារ រស់នៅក្នុងភូមិ.សៀមបូក និងភូមិ ទន្សោង ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

នាឱកាសនោះ លោក ស្វាយ សំអ៊ាង ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ស្ត្រីមានផ្ទៃពោះ ជាពិសេស ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោក ស្វាយ សំអ៊ាង ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារ តែក៏អាចជួយសម្រាលទុក្ខលំបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល”។

ជាមួយគ្នានេះដែរ លោកប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយដោតធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាពិសេសការពារកុំឱ្យមូសខ្លាខាំ ត្រូវគេងក្នុងមុងជានិច្ច ។ ថ្វីបើរាជរដ្ឋាភិបាលទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តពាក់ម៉ាស់ឬ មិនពាក់ម៉ាស់ តែត្រូវចូលរួមចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត ឬកាត់បន្ថយការគ្រោះថ្នាក់ធ្ងន់ធ្ងរ។

អំណោយ ផ្តល់ ជូន នាឱកាសនោះដែរ ក្នុង មួយគ្រួសារៗ ទទួលបានរួមមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ឃីត១ (សារ៉ុង១ ក្រមា១ ភួយ១ មុង១) និងជែលលាងដៃចំនួន១ ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed