សិស្ស​រៀន​ថ្នាក់​ទី​១២​ម្នាក់​ នៅ​វិទ្យាល័យ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​កំពង់​សៀម ត្រូវ​បាន​រថយន្ត​ធុន​ធំ​ដឹក​គ្រឿងសំណង់​រអិល​ផ្លូវ​ចំណោត​កិន​ស្លា-ប់ តែ​​រហូត​មកទល់​​ពេល​នេះ រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅឡើយ​ទេ​ នាថ្ងៃទី០៥ កញ្ញា ២០២៣ ។

លោក​ហេ​ន ទូច អាយុ​៤០​ឆ្នាំ ​រស់នៅ​ភូមិ​ឈើទាល​ស្រុត ឃុំ​រំចេក ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ​កញ្ញា​ នេះ​ថា ដោយសារ​កត្តា​ជីវភាព​ខ្វះខាត ​គាត់​បាន​ចេញ​ទៅ​ប្រកប​របរ​លក់ដូរ​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​យក​ថវិកា​​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ដើម្បី​ចិញ្ចឹម​កូនប្រុស​ចំនួន​៣​នាក់​ក្នុង​នោះ​ កូន​ដែល​ស្លា-ប់​ឈ្មោះ​ហេ​ន ម៉េ​ង​ហ៊ុយ អាយុ​១៨​ឆ្នាំ​ គឺជា​កូន​បង​គេ​​។

បុរស​រូប​នេះ​បាន​រំលឹក​ថា កាលពី​​ព្រឹក​ថ្ងៃ​ទី​០៣ ឧសភា ២០២២ កូនប្រុស​របស់​គាត់​បាន​មក​រៀន​ធម្មតា ក្នុង​ពេល​នោះ​ កូន​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម​សរសេរ 125 មួយ​គ្រឿង​ ដោយ​មាន​មិត្ត​ភ​ក្កិ​ឈ្មោះ​ស្រៀ​ង ពន្លឺ អាយុ​ប្រហែល​១៨​ឆ្នាំ ជា​អ្នក​ឌុ​ប ​គឺ​ក្នុង​គោលបំណង​ឡើង​លើ​ភ្នំ​ហាន់ជ័យ មក​ទិញ​បាយ​ហូប ។

ប៉ុន្តែ​​ម៉ូតូ​ជិះ​ឡើង​ផ្លូវ​ចំណោត​ក្រោម​ដំណក់ទឹកភ្លៀង​ស្រិច​ៗ​ និង​មាន​រថយន្ត​មួយ​គ្រឿង​ដឹក​គ្រឿងសំណង់​ពាក់​ស្លាក​លេខ​កំពង់ចាម​3A-7146 ដោយ​មាន​សរសេរ​អក្សរH.C នៅ​ហ្នឹង​កញ្ចក់​រថយន្ត ដែល​បើក​ឡើង​ចំណោត មិន​រួច​ជា​ហេតុ​បណ្ដាល​ឱ្យ​រអិល​មក​បុក​ម៉ូតូ​និង​កិន​កូន​របស់​គាត់​ឈ្មោះ​ម៉េ​ង ហ៊ុយ ស្លាប់កៀប​​ជាប់​នឹង​រថយន្ត​ដែល​ក្រឡាប់​ផ្ងារជើង ។ ចំណែក​មិត្ត​ភ​ក្កិ​របស់​កូន​ដែល​ជា​អ្នក​ឌុ​ប​បាន​រង​របួស​ផង​ដែរ​។

ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​ត្រូវ​បាន​សាច់ញាតិ​ទូរ​ស័ព្ទ​ប្រាប់​គាត់​ដែល​កំពុង​តែ​លក់ដូរ​នៅ​រាជធានី​ភ្នំពេញ គ្រាន់តែ​ឮ​គេ​ប្រាប់​ថា​ កូន​គាត់​ស្លាប់​គឺ​ក្នុង​ចិត្ត​រន្ធត់​ទន់​ដៃទន់ជើង​និង​យំ​បង្ហូរទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​។​ រួច​ក៏​បាន​ធ្វើ​ដំណើរ​មក​ផ្ទះ​យក​សាកសព​កូន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ក្នុង​ករណី​នេះ ​គាត់​បាន​រៀបចំ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ដោយ​ប្ដឹង​ទា​សំណង​ជំងឺ​ចិត្ត​ចំនួន​១​ម៉ឺន​ដុល្លារ ​។ ​តែ​ករណី​នេះ​ បាន​កើតឡើង​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​មួយ​ឆ្នាំ​ហើយ​ ​គឺនៅ​​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​​ពី​ភាគី​ក្រុមហ៊ុន​រថយន្ត​នោះ​នៅឡើយ​ទេ​ ។

ដោយសារ​តែ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​បែប​នេះ​ រូប​លោក​គ្រោង​ហ្នឹង​រៀបចំ​ដាក់​ពាក្យបណ្ដឹង​មក​កាន់​ក្រុម​មេធាវី​របស់​សម្ដេច​តេ​ជោ​នៅ​ក្នុង​ខេត្តកំពង់ចាម ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ផ្នែក​ផ្លូវច្បាប់​ព្រោះ​គាត់​មាន​ជីវភាព​ខ្សត់ខ្សោយ​ ។

ចំណែក​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​កំពុងសៀម​វិញ​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥​ កញ្ញា ​ឆ្នាំ​២០២៣​ថា ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​ហាន់ជ័យ បាន​ចុះ​ទៅ​ពិនិត្យ​និង​អន្តរាគមន៍​ឃាត់​អ្នក​បើករថយន្ត​ភ្លាម​ៗ​ហើយ​ជំនាញ​ចរាចរណ៍​បាន​ទៅ​ដល់​តាម​ក្រោយ​នឹង​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរ​បាល​ ដើម្បី​សួរនាំ​រួច​បំពេញបែបបទ​បញ្ជូន​ទៅ​កាន់​តំណាង​អយ្យា​ការ​អម​សាលាដំបូង​ខេត្ត​ព្រមទាំង​បាន​ចេញ​ដេ​កា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​រហូត​មក​ដល់​ពេល​នេះ​។​

ចំណែក​ម្ចាស់​ម៉ូតូ​បាន​មក​សុំ​ម៉ូតូ​ព្រមទាំង​បាន​ទទួល​សំណង​មួយ​ចំនួន​ត្រឡប់​ទៅ​វិញ​ផង​ដែរ​។​ហើយ​​តំណាង​ក្រុមហ៊ុន​រថយន្ត​នេះ​ក៏​មិន​បាន​ចេញ​មុខ​មក​ដោះស្រាយ​ជាមួយ​ភាគី​អ្នក​ស្លាប់ ចំណែក​​រថយន្ត​ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​រហូត​មក​ដល់​សព្វថ្ងៃ​។

ដកស្រង់ពី​​​​ kohsantepheapdaily

Leave a Reply

Your email address will not be published. Required fields are marked *

You missed