ខេត្តស្ទឹងត្រែង៖ សិស្សសាលានៃអនុវិទ្យាល័យសេសានប្រមាណ១០នាក់មានអាការទន់ដៃទន់ជើងជាបន្តគ្នា ដោយពួកគេបានរវើរវាយស្រែកយំ ដោយប្រើពាក្យចម្លែកៗមិនដឹងពីមូលហេតុ។ ស្ថិតក្នុងស្ថានភាពបែបនេះ លោកគ្រូ អ្នកគ្រូបានបញ្ជូនពួកគេទាំងយប់ទៅមណ្ឌលសុខភាពដើម្បីពិនិត្យ និងសិស្សមួយចំនួនទៀតក៏បានយកទៅវត្តដើម្បីឲ្យព្រះសង្ឃជួយប្រោសព្រំបណ្ដេញឧបទ្រពចង្រៃតាមជំនឿបែបបុរាណ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅអនុវិទ្យាល័យសេសាន ស្ថិតក្នុងភូមិកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើតាមប្រភពព័ត៌មានពីអនុវិទ្យាល័យសេសានបានឲ្យដឹងថា នៅពេលល្ងាចនោះសិស្សានុសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យសេសានកំពុងតែរៀនសុខៗ ស្រាប់តែសិស្សខ្លះបានដួលសន្លប់ និងខ្លះទៀតទន់ដៃទន់ជើងរវើរវាយយំស្រែកថា មានខ្មោចមកយក។ ប្រភពបន្តឲ្យដឹងទៀតថា ក្រោយកើតហេតុសិស្សចំនួន១០នាក់ ត្រូវបានលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សនាំគ្នាបញ្ជូនពួកគេទៅកាន់មណ្ឌលសុខភាពពិនិត្យមើលឈាម ជាតិស្ករនិងដាក់អុកស៊ីហ្សែន ឃើញថាបន្តិចមកសិស្សទាំងនោះមានសភាពធម្មតា តែជនរងគ្រោះចេះតែនៅបន្តស្រែកថា ខ្មោចមកយកហើយ…ខ្មោចមកយកហើយ។
បច្ចុប្បន្ន សិស្សានុសិស្សទាំង១០នាក់ ដោយក្នុងនោះមួយចំនួនកំពុងសម្រាកពិនិត្យសុខភាពនៅមណ្ឌលសុខភាពនៅមូលដ្ឋាន និងមួយចំនួនទៀត ត្រូវបានយកទៅកាន់វត្តកំភុន ដើម្បីឲ្យព្រះសង្ឃធ្វើការប្រោសព្រំបណ្ដេញឧបទ្រពចង្រៃ ដោយសារសិស្សទាំងនោះ ចេះតែស្រែកថាខ្មោចមកយកហើយៗ។
ពាក់ព័ន្ធក្នុងករណីខាងលើនេះ គ្រូពេទ្យនៃមណ្ឌលសុខភាពស្រុកសេសាន បានបញ្ជាក់ថា នៅថ្ងៃស្អែកទី១០នេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តស្ទឹងតែងនិងចុះទៅពិនិត្យមើលនៅសាលាដើម្បីឲ្យដឹងថាតើមានមូលហេតុអ្វីឲ្យពិតប្រាកដនៅទីនោះទើបបណ្តាលឲ្យសិស្សច្រើននាក់បែបនេះមានបញ្ហា៕