មនុស្សរាប់លាននាក់បានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងប្រធានាធិបតី Donald Trump និង Elon Musk នៅទូទាំងរដ្ឋទាំង 50 និងទូទាំងពិភពលោក ដែលរៀបចំដោយចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថា “ការកាន់កាប់ដោយអរិភាព” និងវាយប្រហារលើសិទ្ធិនិងសេរីភាពរបស់អាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់CNNកាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥។

តំណាងអ្នកតវ៉ាម្នាក់បានប្រាប់ថា នេះជាការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំ ក្នុងចំណោមនោះក៏មានមនុស្សប្រមាណជាង១៤០០នាក់បានលើកបដាតវ៉ា និងស្រែកទាមទារឲ្យ លោកប្រធានាធិបតី Donald Trump ចុះចេញពីតំណែង និងទាមទារឲ្យលោកមហាសេដ្ឋី Elon Muskបញ្ឈប់ការច្បាមអំណាចប្រមូលផ្តុំ។ ក្បូនដង្ហែបាតុករត្រូវបានធ្វើឡើងនៅតាមរដ្ឋធានីនានា អគារសហព័ន្ធ ការិយាល័យសភា ទីស្នាក់ការសន្តិសុខសង្គម សួនច្បារ និងសាលាក្រុងទូទាំងប្រទេស។

ដោយឡែក បើយោងតាម Indivisible ដែលជាអង្គការមួយក្នុងចំណោមអង្គការដែលដឹកនាំចលនានេះដោយសហការជាមួយសម្ព័ន្ធទូទាំងប្រទេសដែលរួមមានអង្គការសិទ្ធិស៊ីវិល អតីតយុទ្ធជន ក្រុមសិទ្ធិស្ត្រី សហជីពការងារ និងអ្នកតស៊ូមតិ LGBTQ+ បានបញ្ជាក់ថា មានមនុស្សជិត 600,000 នាក់បានចុះឈ្មោះដើម្បីចូលរួមព្រឹត្តិការណ៍នេះ ដែលមួយចំនួនបានកើតឡើងនៅក្នុងទីក្រុងធំៗដូចជាទីក្រុងឡុងដ៍ និងប៉ារីស ។

ចំណែកអ្នករៀបចំការតវ៉ាបាននិយាយថា ពួកគេមានការទាមទារចំនួនបី៖ “ការបញ្ចប់ការកាន់កាប់របស់មហាសេដ្ឋី និងអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់របស់រដ្ឋបាល Trump ការបញ្ចប់ការកាត់បន្ថយមូលនិធិសហព័ន្ធសម្រាប់ Medicaid សន្តិសុខសង្គម និងកម្មវិធីផ្សេងទៀតដែលមនុស្សធ្វើការពឹងផ្អែកលើ និងបញ្ចប់ការវាយប្រហារលើជនអន្តោប្រវេសន៍ ជនឆ្លងដែន និងសហគមន៍ផ្សេងទៀត”៕

Leave a Reply