ភ្នំពេញ៖ ពិតជារន្ធ.ត់ណាស់ មួយគ្រួសារមានគ្នា៤នាក់រួមមាន ឪពុក ម្តាយ កូនអាយុ១០ឆ្នាំនិង៩ខែស្លា.ប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះជួសជុលម៉ាស៊ីនត្រជាក់មួយកន្លែងនៅផ្លូវបេតុង​ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បាននិយាយថា ដំបូងឡើយ គេបានឃើញផ្សែង និងមានអណ្តាតភ្លើងហ៊ុយចេញពីផ្ទះទិញលក់ និងជួសជុលគ្រឿងអេឡិចត្រូនិក ដែលមានស្លាកយីហោ ខេ អ៊ឹម ស៊ី អេឡេចត្រូនិក ដោយឃើញបែបនេះ អ្នកភូមិបាននាំគ្នាស្រែកហៅម្ចាស់ផ្ទះ និងបាននាំគ្នាជួយយកទឹកបាញ់ពន្លត់ តែមិនថមថយអណ្តាតភ្លើងឡើយ។ បន្ទាប់មកពួកគាត់បានផ្តល់ដំណឹងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីទាក់ទងទៅកាន់មន្ត្រីជំនាញក្នុងការសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ។

ក្រោយទទួលដំណឹងនេះ ការិយាល័យនគរបាលបង្គារពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងរថយន្តពន្លត់របស់ក្រុមពន្លត់អគ្គិភ័យ RRC.711 ទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍។ ខណៈភ្លើងកំពុងឆេះ គេមិនទាន់ឃើញក្រុមគ្រួសារម្ចាស់ផ្ទះចេញមកខាងក្រៅនៅឡើយនោះទេ ដោយអ្នកភូមិបានព្យាយាមស្រែកហៅផង ទាក់ទងតាមទូរស័ព្ទផង តែពុំមានការឆ្លើយតបនោះទេ។

សូមបញ្ជាក់ថា ករណីអគ្គិភ័យខាងលើ ត្រូវបានមន្ត្រីជំនាញបាញ់ពន្លត់ឱ្យរលត់ទាំងស្រុងនាព្រឹកថ្ងៃខែឆ្នាំដដែល ដោយប្រើរថយន្តអស់ជាច្រើនគ្រឿង។ ក្នុងហេតុការណ៍នេះ មន្ត្រីជំនាញបានរុករកមនុស្សនៅខាងក្នុង ក៏បានប្រទះឃើញសពប្តីប្រពន្ធ និងកូន ដេកស្លាប់នៅខាងក្នុងផ្ទះ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការហ៊ុមព័ទ្ធខ្សែប្រតិបត្តិការណ៍ ធ្វើកោសល្យវិច័យទៅលើសព ព្រមទាំងរកមូលហេតុនៃការឆេះ មុនប្រគល់សពជូនក្រុមគ្រួសារ៕

Leave a Reply