ពោធិ៍សាត់៖ ទំនងពួកគាត់ពុំដឹង ទើបជិះម៉ូតូឆ្លងកាត់ស្ពានមេទឹក ដែលបានបាក់ដាច់ ដោយសារយន្តហោះចម្បាំង F-16 របស់យោធាថៃទម្លាក់គ្រាប់ បណ្តាលឲ្យធ្លាក់បាត់បងជីវិតទាំងពីរនាក់ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ស្ថិត​នៅ​ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។


ប្រភពព័ត៌មានឱ្យដឹងថា បុរសទាំង២នាក់ខាងលើ ដំបូងឡើយបានធ្វើដំណើររួមគ្នា ដោយជិះម៉ូតូហុងដា​ឌ្រីម ពណ៌ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1AR ៨៩៤៥ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតធ្លាក់តែម្ដង។​ សមត្ថកិច្ចបានចុះទៅកាន់ទីតាំងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ និងសាកសួរព័ត៌មានបន្ថែមផងដែរ។


បើតាមសមត្ថកិច្ច ប្រជាពលរដ្ឋដែលស្លាប់មានឈ្មោះ ថា ចាន់ធូ ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ ឈូ ឆៃ ភេទប្រុស អាយុ៣៦ឆ្នាំ។ ពួកគាត់បានបាត់បង់ជីវិតមុនបញ្ជូនទៅដល់មន្ទីរពេទ្យមកម៉្លេះ។ សមត្ថកិច្ចសន្និដ្ឋានថា បណ្ដាលមកពីកត្តាល្បឿន ខ្វះការ​ប្រុងប្រយ័ត្ន និងមិនបានដឹងថា ស្ពានត្រូវបានដាច់ដោយសារយោធាថៃឈ្លានពានទម្លាក់គ្រាប់ផ្តាច់ឡើយ។ ពេលនេះសពជនរងគ្រោះទាំង២នាក់ ត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បី​យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ប្រជាពលរដ្ឋស្នើអាជ្ញាធរក្នុងតំប​ន់ សូមដាក់ស្លាកសញ្ញា ហាមឃាត់ឆ្លងកាត់ កុំឲ្យមានអ្នកបាត់បង់ជីវិតបន្ថែមទៀត៕

Leave a Reply

You missed