ស្ទឹងត្រែង៖ ប្រជាពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង មានជំនឿចំពោះបារមីប្រសាទព្រះគោដែលជាមរតកបន្សល់ទុកពីដូនតា ពួកគាត់នាំគ្នាប្រារព្វធ្វើពិធីនេះក្នុងខែមេសាជារាងរាល់ឆ្នាំ មុនពេលថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ ដើម្បីសេចក្តីសុខចម្រើន។ ពិធីបុណ្យប្រសាទព្រះគោមានរយៈពេល៣ថ្ងៃ គិតមកដល់ថ្ងៃទី១០មេសាឆ្នាំ២០២២នេះ។
លោក មៀច អ៊ាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្ទឹងត្រែងបានឱ្យដឹងថា ពិធីបុណ្យប្រសាទព្រះគោជាទំនៀមទំលាប់ខ្មែរយើងធ្លាប់ធ្វើតាំងពីដើមតរៀងមក ហើយកូនចៅជំនាន់ក្រោយបានប្រតិបត្តិតាម ដើម្បីនាំគ្នាបួងសួងសុំឱ្យបារមីដូនតាផ្តល់នូវសេចក្តីសុខចម្រើនក្នុងការរស់នៅនិងប្រកបរបររកស៊ីទទួលទានមានបាន ។
ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលខេត្តស្ទឹងត្រែងអញ្ជើញក្នុងពិធីបុណ្យមានប្រសាសន៍ទទួលស្គាល់ថា ប្រាសាទព្រះគោពិតជាមរតកនៅសល់ពីដូនតាយើងពីសម័យដើមមកមែន ហើយក្នុងនាមអាជ្ញាធរខេត្តសុំឱ្យព្រះសង្ឃ អាជ្ញាធរភូមិឃុំ រួមនិងប្រជាពលរដ្ឋនាំគ្នាបង្កើនការអភិរក្សឱ្យបានកាន់តែល្អប្រសើរជាងនេះ។
លោកស្រីធីខុន រស់ នៅភូមិតាំងតេជោ ឃុំថាឡាបរិវ៉ាត់ថា កិច្ចការអភិរក្សនេះស្នើឱ្យស្ថាប័នពាក់ព័ន្ធរួមនិងអាជ្ញាធរមូលដ្ឋានជួយចូលរួមផងដើម្បីរៀបចំទីតាំងតំបន់ប្រសាទព្រះគោនេះឱ្យក្លាយជាទីតាំងទេសចរណ៍បែបវប្បធ៌ម សម្រាប់ភ្ញៀវទេសចរមកទស្សនា ហើយកូនចៅយើងមានលទ្ធភាពមកស្រាវជ្រាវសិក្សាពីប្រវត្តិសាស្ត្រប្រសាទនេះផង ដូចជាប្រាសាទព្រះគោ ប្រសាទប្រាំបួនល្វេង និងទីតាំងតំបន់អង្គរខ្មៅបុរាណនៅសល់ពីដូនតាមក។
លោកស្រីបន្តថា ប្រជាពលរដ្ឋបានធ្វើពិធីបុណ្យប្រសាទព្រះគោជាការបំពេញកិច្ចដ៍សំខាន់មួយ បង្ហាញពីការអភិរក្សរួចទៅហើយ ព្រោះចាស់ទុំបានដឹកនាំកូនចៅរៀបចំទៅតាមប្រពៃណីសាសនាជារៀងរាល់ឆ្នាំមិនដែលអាក់ខានទេតាំងពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មក។
លោក ផាន ខាន ប្រជាពលរដ្ឋ រស់នៅភូមិឃុំថាឡាបរិវ៉ាត់បរិវ៉ាត់នេះដែរបានចាត់ទុកថា នេះជាការរៀបចំអភិរក្សឡើងវិញនូវមរតក និងទំនៀនទំលាប់ ប្រពៃណីរបស់ខ្មែរយើង ព្រោះវាមានតម្លៃសម្រាប់សង្គមជាតិ ចំណែកកូនចៅជំនាន់ក្រាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏បានមកឃើញនិងបានស្គាល់ ហើយបងប្អូនប្រជាពលរដ្ឋយើងក៏ខិតខំថែរក្សានូវសមិទ្ធផលមរតកដូនតាឱ្យបានស្ថិតនៅគង់វង្ស។
សូមបញ្ជាក់ថាប្រជាពលរដ្ឋទំលាប់ធ្វើបុណ្យប្រសាទព្រះគោជារៀងរាល់ឆ្នាំនៅមុនពេលរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងចូលមកដល់ក្នុងខែមិនាៗខែមេសា ដើម្បីសុំសេចក្តីសុខចម្រើន៕