មណ្ឌលគិរី៖ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ជំរុញដល់មន្ទីរសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បន្តសហការគ្នាផ្សព្វផ្សាយពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជម្រុញបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋ ដើម្បីការពារសុខភាពសាធារណៈ និងអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម ម៉ែន ងុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣៨ អាណត្តិទី៣ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅអាគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ។

ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី មានប្រសាសន៍ទៀតថា ក្រៅពីការងារជម្រុញប្រជាពលរដ្ឋចាក់វ៉ាក់សាំងការពារជំងឺកូវីដ មន្ត្រីមូលដ្ឋានក៏ត្រូវបន្តខិតខំផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ និងការផ្តល់សេវាផ្សេងៗទៀតដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។ ឯកឧត្ដម ម៉ែន ងុយ បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣៨ អាណត្តិទី៣នេះ បានឆ្លងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្ត និងបានឆ្លងរបាយការណ៍សកម្មភាព លទ្ធផលការងារប្រចាំខែកក្កដា របស់រដ្ឋបាលខេត្ត ឆ្លងយោបល់គម្រោងសកម្មភាពអាទិភាព ក្រោមការប្រើប្រាស់ថវិការដ្ឋបាលខេត្ត រយៈពេល៣ឆ្នាំ ព្រមទាំងលើកឡើងពីបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុងខេត្តមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានជម្រាបជូនអង្គប្រជុំពីសកម្មភាពការងារ លទ្ឋផលការងារដែលសម្រេចបានរបស់គណៈអភិបាលខេត្ត ក្នុងរយ:ពេល១ខែកន្លងទៅ និងបានជម្រាបជូនពីផែនការសកម្មភាពដែលនឹងត្រូវអនុវត្តបន្តនៅក្នុងខែសីហានេះ ។ ឯកឧត្តមក៏បានស្នើដល់មន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់បំពេញការងារប្រចាំថ្ងៃ ពិសេសការងារបម្រើសេវាជូនប្រជាពលរដ្ឋ ពង្រឹងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ ឯកឧត្តម ជំរុញដល់មន្ទីរ សុខាភិបាល អាជ្ញាធរពាក់ព័ន្ធ បន្តការចុះចាក់វ៉ាក់សាំង និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមកទទួលការចាក់វ៉ាក់សាំង ដូសជំរុញ ឬដូសទី៤ ព្រមទាំងត្រូវនាំកូនតូចៗចាប់ពីអាយុ៣ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed