ខេត្តស្ទឹងត្រែង៖ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងព្រមាននឹងចាត់វិធានការ ដោយពុំមានការលើកលែង ចំពោះជនខិលខូច ដែលកាប់ទន្ទ្រានដីព្រៃ ក្រោមលេសយកដីធ្វើកសិកម្ម តែការពិតយកដីលក់។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យរុក្ខទិវា៩កក្កដា ដែលបានប្រារព្ធធ្វើឡើង នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងទីតាំងរមណីយដ្ឋានទេសចរណ៍ភ្នំជម្រកសត្វ ស្ថិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លៃងថា អាជ្ញាធរតែងតែអត់ឱន និងអធ្យាស្រ័យ ដល់បងប្អូនប្រជាពលដែលលួចកាប់ទន្ទ្រានដីព្រៃ នាពេលកន្លងមក។ ប៉ុន្តែចំពោះជនទាំងឡាយណា ដែលឈូសឆាយដីព្រៃ ក្រោមហេតុផលថា ដើម្បីយកដីបង្កបង្កើនផលដាំដំណាំកសិកម្ម តែក្រោយពេលដាំដំណាំបានតែបន្តិច ក៏យកដីទាំងនោះទៅលក់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយពួកគេបន្តទៅកាប់ទន្ទា្រនព្រៃយកដីធ្វើកម្មសិទ្ធិនៅទីតាំងផ្សេងទៀត។ ចំពោះចំណុចនេះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា មិនអាចលើកលែងបានឡើយ ដោយឯកឧត្តមបានប្រាប់ទៅមន្ត្រីក្រោមបង្គាប់ឲ្យសហការគ្នាចុះសិក្សាស្រាវជ្រាវ វែកមុខ រកជនខិលខូចទាំងនោះ ដើម្បីយកមកផ្ដន្ទាទោស និងដកហូតដីមកទុកជាសម្បត្តិរដ្ឋ។
អភិបាលខេត្តស្ទឹងត្រែង បានថ្លែងបន្ត ដោយទទួលស្គាល់ថា ពិតជាមានការកាប់ទន្ទ្រានដីព្រៃស្ទើរគ្រប់ទីកន្លែងនៅក្នុងខេត្តពិតមែន តែអាជ្ញាធរខេត្តបានចាត់វិធានការឆ្លើយតបទាន់ពេលវេលាផងដែរ។ ឯកឧត្តមថា ចំពោះការកាប់ទន្ទ្រានដីព្រៃ យើងត្រូវរួមគ្នាទប់ស្កាត់ បើពុំនោះទេនឹងគ្មានសេសសល់ដីរដ្ឋសម្រាប់ទុកធ្វើសម្បទានចែកជូនដល់ពលរដ្ឋក្រីក្រដែលខ្វះខាតដីពិតប្រាកដឡើយ។
ទន្ទឹមនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានចាត់ទុកថា ការប្រារព្ធធ្វើបុណ្យរុក្ខទិវា៩ កក្កដា នាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបានជួយដាស់តឿនស្មារតីដល់មនុស្សជាតិគ្រប់រូប ទាំងមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងរួមទាំងព្រះសង្ឃផងដែរ ឱ្យចេះចូលរួមថែរក្សាការពារ ទប់ស្កាត់ និងចេះស្រឡាញ់ការដាំដើមឈើ ដើម្បីស្តារព្រៃឈើដែលបាត់បង់ឡើងវិញ ប្រែក្លាយមន្ទីរពេទ្យ សាលារៀន និងវត្តអារាមជាគម្របព្រៃបៃតងដ៏ស្រស់ស្អាត។
សូមបញ្ជាក់ថា កូនឈើចម្រុះប្រភេទចំនួន ១០៨០ ដើម ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង នាំយកមកចែកជូន ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ដើម្បីសហការគ្នាចូលរួមដាំកូនឈើតាមទីតាំងដែលបានកំណត់តាមផ្នែករៀងៗខ្លួនផងដែរ៕
អត្ថបត+រូបភាព ដោយ៖ តាកោះខ្មែរ