ស្ទឹងត្រែង៖ នៅសាលាខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ មានកិច្ចប្រជុំផ្សព្វផ្សាយរវាងរដ្ឋបាលខេត្តស្ទឹងត្រែងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ ហៅកាត់ថា(អ.ដ.ក) ដើម្បីផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន និងការសិក្សាស្រាវជ្រាវពីអភិក្រម ដែលមានប្រសិទ្ធិភាព និងតម្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ឦសាន។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងជាសមាជិក អ ដ ក និងឯកឧត្តម សរ សុពិត្រា អភិបាលខេត្តស្ទឹងត្រែង ។
លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងជាសមាជិក អ ដ ក បានមានប្រសាសន៍ថាដំណោះស្រាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានបង្កើតឡើង ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សម្តៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនានិងយុត្តិធម៌ក្នុងសង្គមជាតិ ។
លោកជំទាវ រដ្ឋលេខាធិការបានបន្តថាអ.ដ.ក. មានបេសកកម្មដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនូវ វិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀតតាមរយៈ ការសម្រុះសម្រួលផ្សះផ្សាវិវាទ ដោយផ្អែកតាមការព្រមព្រៀងរបស់ ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទ យល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទនេះ លើកលែងតែវិវាទដែលមិនអាចជាកម្មវត្ថុនៃការសម្រុះសម្រួល ផ្សះផ្សា តាមការកំណត់របស់ច្បាប់។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា អ្នកដោះស្រាយទំនាស់នៅថ្នាក់មូលដ្ឋានរបស់យើងតែងតែមានការយល់ច្រឡំមួយចំនួន ទាំងថ្នាក់ខេត្ត ថ្នាក់ក្រុងស្រុក ថ្នាក់ ឃុំសង្កាត់ យើងទាំងអស់គ្នាដែលជាអាជ្ញាធរឃុំ ក្រុង ស្រុក ខេត្ត និងជំនាញទាំងអស់ យើងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសរាល់បណ្ដឹងទាំងអស់ យើងមិនមែនជាអ្នកកាត់សេចក្តីឲ្យប្រជាពលរដ្ឋម្ខាងណាឈ្នះឬមួយខាងណាចេញនោះឡើយ “យើងគ្មានសិទ្ធិនោះទេអ្នកដែលមានសិទ្ធិសម្រេចថាភាគីណាម្នាក់ឈ្នះ ឬចាញ់មានតែស្ថាប័នតុលាការប៉ុណ្ណោះ។
ឯកឧត្តម អភិបាលខេត្ត បានទទួលស្គាល់ថាមន្ត្រីមូលដ្ឋានមួយចំនួនតែងតែយល់ច្រឡំថាខ្លួនឯងនេះគឺជាតុលាការ ទៅកាត់សេចក្តីនៅក្នុងការដោះស្រាយបញ្ហានិងមូលដ្ឋាន ។ឯកឧត្តមគូសបញ្ជាក់ថាការមកដល់ក្រុមការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចុះមកនៅពេលនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការតម្រង់ទិសនិងឲ្យមន្ត្រីថ្នាក់មូលដ្ឋានកាន់តែមានសមត្ថភាព កុំឲ្យមានការភាន់ច្រឡំដោះស្រាយបញ្ហានៅមូលដ្ឋាននិងកុំបំពានទៅលើផ្លូវច្បាប់៕