ស្ទឹងត្រែង÷ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Maryam Salim (នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា) និង លោកស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមគណៈប្រតិភូ អមដំណើរឯកឧត្តមរដ្ឋមន្រ្តី និងមានការចូលរួម ពីសិស្សានុសិស្ស យុវជនកាយរិទ្ទ យុវជនកាកបាទក្រហមកម្ពុជាខេត្ត និង ប្រជាពលរដ្ឋ ជាង ៤០០ នាក់។
ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានចូលរួម និងផ្តល់កិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការអភិវឌ្ឍវិស័យកសិកម្មទទួលបានលទ្ធផលគួរជាទីមោទន ។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែង អំណរគុណចំពោះលោកស្រី Maryam Salim ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ជាសក្ខីភាព ធនាគារពិភពលោកបានគាំទ្រដល់ការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ ដំណាក់កាលទី៣ សមាសភាគទី១ នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា÷ ការកសាងមជ្ឈមណ្ឌលនេះ ស្របពេលដែលរដ្ឋបាលជលផលត្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មនៅភូមិភាគឦសានមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦- ២០៣០ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា÷ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើខេត្តស្ទឹងត្រែង នឹងដើរតួនាទីផលិត និងផ្សព្វផ្សាយពូជវារីសត្វ ជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម កន្លែងបង្កាត់ និងអភិរក្សពូជវារីសត្វ ឆ្លើយតបបានទាន់ពេលវេលា និងតម្រូវការជាចាំបាច់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផលនៅតំបន់ទន្លេមេគង្គលើឱ្យបានកាន់តែប្រសើរឡើង។
ឯកឧត្តមរដ្ឋមន្ដ្រីសងឹ្ឃម និងជឿជាក់យ៉ាងមុតមាំថាមជ្ឈមណ្ឌលនេះនឹងបំពេញតួនាទីជាសេនាធិការផ្សព្វផ្សាយបច្ចេកទេស និងពូជវារីសត្វរបស់រដ្ឋបាលជលផលថ្នាក់តំបន់ក្នុងភូមិភាគឦសាន ហើយរំពឹងថានាពេលអនាគតដ៏ខ្លីអនុវិស័យវារីវប្បកម្មនៅតំបន់នេះនឹងមានការអភិវឌ្ឍបានដល់គ្រប់មូលដ្ឋាន និងធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនជនជាតិភាគតិចនឹងត្រូវបានលើក កម្ពស់ឲ្យកាន់តែល្អប្រសើរជាលំដាប់ និងរក្សា ការពារ និងបង្កើតពូជត្រីកម្រ និងជិតផុតពូជឲ្យមានក្នុងអាង បឹង ស្ទឹង និងទន្លេ នៅទូទាំងតំបន់នេះឡើងវិញ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រី បានសំណូមពរឲ្យធនាគារពិភពលោក អាជ្ញាធរខេត្ត ស្រុក កងកំលាំងទាំងបី ក្រសួង ស្ថាប័នពាក់ព័ន្ធមេត្តាបន្តជួយផ្តល់កិច្ចសហការដើម្បីឲ្យមជ្ឈមណ្ឌលដំណើរការមុខងាររបស់ខ្លួនប្រកបដោយនិរន្តរភាព និង ទទួលបានជោគជ័យដូចដែលយើងគ្រោងទុក។ ដោយឡែក រដ្ឋបាលជលផល នាយកដ្ឋានជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ ឯកឧត្តមរដ្ឋមន្ដ្រីបានផ្តល់អនុសាសន៍គន្លឹះមួយចំនួនយកទៅគិតគូ ពិចារណា និងអនុវត្តឲ្យបានសមស្រប ទាន់ ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទាញយកប្រយោជន៍ជូនប្រជាជនរស់នៅតំបន់នេះឲ្យអស់ពីសមត្ថភាពនៃមជ្ឈមណ្ឌល។
យោងលើរបាយការណ៍របស់ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានឲ្យដឹងថានៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចទទួលយកប្រាក់កម្ចីពីធនាគារពិភពលោក ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងស្តីពី “ការគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ” ដំណាក់កាលទី៣ ក្នុងនោះរដ្ឋបាលជល ផលទទួលអនុវត្តសមាសភាគទី១ ផ្តោតលើការគ្រប់គ្រងធនធានជលផល និងវារីសត្វ នៅភូមិភាគឦសាន ហើយសមិទ្ធផលដែលនឹងដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះគឺជាផ្នែកមួយនៃគម្រោងដែលបានអនុវត្តក្នុងរយៈពេលកន្លងមក៕