រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៣ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​លទ្ធផល​ដែល​ជា​ស្នាដៃ​របស់​សមត្ថកិច្ច​ខិតខំ​បង្ក្រាប​ក្នុង​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន​ដែល​ចាប់​បាន​ឈ្មួញ​ជនជាតិ​ថៃ​២​នាក់ និង​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​កេ​ត​តា​មីន​ជាង​១០០​គីឡូក្រាម ។

សន្និសីទកាសែត ធ្វើ​ឡើង​ដោយ​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ក្រឡាបញ្ជី​តំណាង​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ បាន​ថ្លែង​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នឹង សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៣ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ការិយាល័យ​ទី​៩​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី យិ​ន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ លោក​ឧត្តមសេនីយ៍ត្រី ហៀ​ង ធី​រ៉ា នាយករង​មន្ទីរ លោក​វរសេនីយ៍ទោ សេង សុផល នាយករង​មន្ទីរ និង​លោក​វរៈសេនីយ៍ទោ ក្លៀ​ន នឿ​ន នាយ​រង​ការិយាល័យ ក្រោម​ការ​សម្របសម្រួល​ពី​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន តាម​រូប​ប្រើ​វិធាន​ញុះញង់​នៅ​ចំណុច​៣​គោលដៅ​ផ្សេង​ៗ​គ្នា ។

លោក​ឧត្តមសេនីយ៍ឯក នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បន្ត​ថា គោលដៅ​ទី​១-​បង្ក្រាប​នៅ​ចំណុច​ផ្លូវលំ ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ឈ្មួញ​គ្រឿងញៀន​ម្នាក់​ឈ្មោះ ស៊ែ​ហឺរ ថា​ណាត់ ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជនជាតិ​ម៉ុង​តា​ញ៉ា សញ្ជាតិ​ថៃ និង​ដកហូត​វត្ថុ​តាង​សារធាតុ​ញៀន កញ្ចប់​រូប​តែ​ពណ៌​មាស ចំនួន​១០ ដុំ ។

គោលដៅ​ទី​២-​បង្ក្រាប​នៅ​ចំណុច​ផ្ទះ​លេខ​៣៥០ ផ្លូវ​បេតុង ភូមិ​ក្រាំង​ដូនតី សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​សារធាតុ​ញៀន ៖ ១.​កញ្ចប់​រូប​តែ​ពណ៌​មាស ចំនួន​៩ ដុំ ។ ២.​កញ្ចប់​រុំ​ស្កុ​ត​ពណ៌​ទឹកប្រាក់ ចំនួន ២ ដុំ ។

គោលដៅ​ទី​៣-​បង្ក្រាប​នៅ​ចំណុច​ផ្ទះ​លេខ​២BC ផ្លូវ​លេខ​១០៧ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ធ្វើការ​ឃាត់ខ្លួន​ឈ្មួញ​គ្រឿងញៀន​ម្នាក់​ឈ្មោះ ស៊ែ​ហឺរ សោម​ឆាយ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ម៉ុង​តា​ញ៉ា សញ្ជាតិ​ថៃ ឆែកឆេរ​នៅផ្ទះ​រក​ឃើញ​វត្ថុ​តាង សារធាតុ​ញៀន ៖ ១.​កញ្ចប់​ពណ៌​រូប​តែ​ពណ៌​មាស ចំនួន​៥៦​ដុំ ។ ២.​កញ្ចប់​ស្លឹក​តែ​ពណ៌​បៃតង ចំនួន​៤២​ដុំ ។ សរុប​ទាំង​៣​គោលដៅ ចំនួន​១១៩​ដុំ ស្មើ​១១៩​គីឡូក្រាម ជា​សារធាតុ​ញៀន​ប្រភេទ កេ​ត​តា​មីន ។ ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

ដកស្រង់ពី kohsantepheapdaily

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed