ភ្លៀងធ្លាក់ខ្លាំង វាយប្រហារភាគខាងជើងប្រទេសឥណ្ឌា, ទីក្រុង ដែលី កំពុងប្រកាសអាសន្ន
ភ្លៀងធ្លាក់ខ្លាំង នៅតែបន្តបំផ្លិចបំផ្លាញ ទូទាំងភាគខាងជើងប្រទេសឥណ្ឌា ដោយបានឆក់យកជីវិតមនុស្សចំនួន៤២នាក់ ចាប់តាំងពីថ្ងៃសៅរ៍ទី៨ខែកក្កដាមក។ អាកាសធាតុអាក្រក់ ដែលត្រូវបានគេរំពឹងថានឹងបន្តដល់ចុងសប្តាហ៍ បានបណ្តាឲ្យដើមឈើបាក់រលំ ជន់លិចផ្ទះសម្បែង និងបិទផ្លូវសំខាន់ៗក្នុងទីក្រុងជាច្រើន។ ហើយនៅថ្ងៃអង្គារទី១០ខែកក្កដា ទីក្រុង ដែលី បានប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ ដោយសារតែទឹកទន្លេ Yamuna ឡើងដល់កម្រិតគ្រោះថ្នាក់។ ក្រោយមក ប្រជាជនរាប់ម៉ឺននាក់ ដែលរស់នៅក្បែរមាត់ទន្លេ ត្រូវបានក្រុមមន្ត្រីជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព ខណៈអ្នករស់នៅក្នុងតំបន់ងាយរងគ្រោះផ្សេងទៀត ក៏ត្រូវត្រៀមខ្លួនសម្រាប់ការជម្លៀសផងដែរ ប្រសិនបើចាំបាច់។ ស្របពេលជាមួយគ្នានោះ ចរាចរណ៍នៅលើស្ពានសំខាន់មួយ ដែលឆ្លងកាត់ទន្លេនេះ ត្រូវបានកាត់ផ្តាច់ ហើយសាលារៀនត្រូវបិទជាលើកទីពីរ ដោយសារភ្លៀងធ្លាក់ខ្លាំង។…