ផ្លូវកៅស៊ូ DBST ប្រវែង ១០.៩០០ ម៉ែត្រ ដែលជាអំណោយរបស់រដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋ ស្រុកបុរីអូរស្វាយសែនជ័យ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស

ស្ទឹងត្រែង÷ នាព្រឹកទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ DBSTប្រវែង ១០.៩០០ ម៉ែត្រ ដែលទើបតែបានស្ថាបនារួចថ្មីៗកន្លងទៅនេះ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន មន្ទីរអង្គភាពនានាក្នុងខេត្ត មន្រ្តីរាជការ និងសិស្សានុសិស្សជាច្រើនរូបទៀត។

លោក ស គឹមណាត ប្រធាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ផ្លូវចូលមកកាន់ស្រុកបុរីអូរស្វាយ សែនជ័យនេះ ប្រភេទ DBST ដែលមានប្រវែងជាង ១០.៩០០ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងដាក់លូមូលមុខកាត់ ១០០ ទទឹងផ្លូវប្រវែង ១២ ម៉ែត្រ ចំនួន ១០ កន្លែង ។ ដោយផ្លូវនេះបានធ្វើស្ថាបនា ចែកចេញជាពីរដំណាក់កាល ដោយ ដំណាក់កាលទី០១ នៅឆ្នាំ២០២១ បានធ្វើស្ថាបនា ផ្លូវមួយខ្សែបាន ចំនួន ៤.៤០០ ម៉ែត្រ និង ដំណាក់កាលទី២ ក្នុងឆ្នាំ២០២២ នេះបានធ្វើស្ថាបនាប្រវែង ៦.៥០០ ម៉ែត្រ ។ ហើយត្រូវបានបញ្ចប់ការស្ថាបនារួចរាល់ជាស្ថាពរ នៅថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០២២។

លោក ស្វាយ សំអ៊ាង មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហើយកំណាត់ផ្លូវដែលសម្ភោធដាក់ឲ្យប្រើប្រាស់នាពេលនេះគឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់។

លោកអភិបាលខេត្តមានប្រសាសន៍បន្ថែមថា÷ ស្រុកអូរស្វាយសែនជ័យជាស្រុកមួយ នៅជាប់ប្រទេសឡាវ ដូច្នេះការអភិវឌ្ឍន៍ វាជាផ្នែកមួយ បង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលចំពោះស្រុក ដែលបានបង្កើតទីរួមស្រុកថ្មី។

លោក ស្វាយ សំអ៊ាង បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលចាស់ថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់បានយូរអង្វែងនិងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗរបស់យើងទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានឧបត្ថម្ភជាថវិកាដ៏រដ្ឋបាលស្រុកបុរីអូស្វាយសែនជ័យ ចំនួន ០១ លានរៀល និង រដ្ឋបាលឃុំ អូរស្វាយ ចំនួន ៥០ ម៉ឺនរៀល ព្រមទាំង លោកតា លោកយាយ ដែលចូលរួមក្នុងពិធី ក្នុងម្នាក់ ៗទទួលបាន សារុង ១ នឹង ថវិកា ១ ម៉ឺនរៀល សិស្សានុសិស្សិ ក្នុងម្នាក់ៗ ទទួលបាន សម្ភារៈសិក្សា និង ថវិកា ចំនួន ១ ម៉ឺនរៀល ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed