ស្ទឹងត្រែង៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ខ្លួនបុរសម្នាក់សង្ស័យពាក់ព័ន្ធនឹងករណីលួចសម្ភារៈនៅក្នុងចំការមួយកន្លែង។ ការឃាត់ខ្លួនជនសង្ស័យរូបនេះបានធ្វើឡើងបន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឡន វណ្ណា ភេទប្រុស មានទីលំនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ក្រោយពីទទួលបានព័ត៍មានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានធ្វើការស្រាវជ្រាវនៅចំណុចផ្ទះចម្ការរបស់ជនរងគ្រោះស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អី ថៃ ភេទ ប្រុស អាយុ ២៧ឆ្នាំ ដែលបានធ្វើសកម្មភាពលួចសម្ភារៈក្នុងចំការរបស់ជនរងគ្រោះ កាលពីអំឡុងខែតុលា ឆ្នាំ២០២២ ។
វត្ថុតាងដកហូតរួមមាន: ម៉ាស៊ីនបូមទឹក០១គ្រឿង ខ្សែភ្លើងប្រវែង៨០ម៉ែត្រ និងលួសរបង០១ដុំ ។ ករណីខាងលើកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕