មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២២-២០២៣ ដោយមានការអញ្ជើញចូលរួមពី លោកស្រីអភិបាលរងខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុងសែនមនោរម្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែនមណ្ឌលគិរី។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានសំដែងនូវសេចក្ដីសោមនស្សរីករាយនិងចូលរួមអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នាពេលនេះ។ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរនឹងវាតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំមន្ទីរអប់រំ លោកគ្រូអ្នកគ្រូក្នុងការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តម បានបញ្ជាក់ថា ដោយប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វិស័យអប់រំត្រូវបានលើកកម្ពស់ សិស្សានុសិស្សបានចូលរៀននៅតាមបណ្ដាលសាលារៀនរដ្ឋ ឯកជនគ្រប់កម្រិតទូទាំងប្រទេស។ ឯកឧត្តម បានជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងរៀនសូត្រស្ដាប់ការពន្យល់ណែនាំរបស់លោកគ្រូអ្នកគ្រូ និងចំណាយពេលវេលាឲ្យបានច្រើនក្នុងការអាន ដើម្បីពង្រឹងចំណេះដឹងបន្ថែមទៀត និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ នឹងត្រូវធ្វើជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ សម្រាប់សង្គមជាតិ។ ឯកឧត្តមអភិបាលខេត្តសង្ឃឹមនិងជឿជាក់ថា ក្រោយពេលបញ្ចប់ការសិក្សា សិស្សានុសិស្សនឹងយកចំណេះដឹង ជំនាញមកអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានសំណូមពរដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់ បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសបន្ថែម រៀងរាល់៦ខែម្ដង ដើម្បីបង្កើនភាពសាំងក្នុងសហគមន៍ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន បានអញ្ជើញប្រគល់ម៉ូតូចំនួន ៣ គ្រឿងដើម្បីលើកទឹកចិត្តដល់សិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A ចំនួន ៣ នាក់ និងចែកបណ្ណសរសើរសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលជាប់និទ្ទេសល្អផងដែរ។

យោងតាមរបាយការណ៍របស់លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ខេត្តមណ្ឌលគិរីមានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ៤៨៣ នាក់ ស្មើនឹងជាង ៩០ភាគរយ ក្នុងនោះសិស្សទទួលបាននិទ្ទេសAចំនួន៣នាក់ និទ្ទេស B ចំនួន២៨ នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed