ស្ទឹងត្រែង÷ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំរបស់មន្ទីរបរិស្ថានខេត្ត បានធ្វើរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍភាពលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកផៃ ប៊ុន ឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន លោក.ចៅ មុន្នីរ៉ា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីលោក លោកជំទាវ គណៈប្រតិភូក្រសួងបរិស្ថាន និងលោក លោកស្រី មន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្ត ជាច្រើនរូប។
មានប្រសាសន៍ក្នុងឪកាសនោះដែរ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តបានអានរបាយការណ៍សង្ខេបរបស់មន្ទីរបរិស្ថានប្រចាំឆ្នាំ២០២២ និង ធ្វើបទបង្ហាញពីសកម្មភាព លទ្ធផលការងារដែលសម្រចបាន តាមការិយាល័យនីមួយៗ និងបញ្ហាដែលបានជួបប្រទះក្នុងកំឡុងពេលអនុវត្តផែនការសកម្មភាពប្រចាំឆ្មាំ២០២២ ដើម្បីជ្រាបជាព័ត៌មាន និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ម្យ៉ាងវិញទៀតអាចទទួលបាននូវអនុសាសន៍ណែនាំល្អៗបន្ថែមទៀត ដែលជាធាតុចូល សម្រាប់រៀបចំផែនការសកម្មភាពការងារ ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីឲ្យទទួលបាននូវសមិទ្ធិផលថ្មីៗកាន់តែច្រើន និងកាន់តែប្រសើរឡើងថែមទៀតនាឆ្នាំបន្តបន្ទាប់ផងដែរ។
មានប្រសាសន៍ក្នុង កិច្ចប្រជុំ លោក ផៃ ប៊ុន ឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានបញ្ជាក់ថា ÷ គោលបំណងក្នុងកិច្ចប្រជុំនេះ គឺដើម្បី ស្តាប់ និង ត្រួតពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ដែលបានអនុវត្ត នាមួយឆ្នាំកន្លងមកនេះ ។ ដោយក្នុងនោះ ត្រួតពិនិត្យផែនការការងារ តាមការិយាល័យនានា របស់មន្ទីរ ដើម្បីអនុវត្តនៅក្នុងឆ្នាំ២០២៣នេះ ដោយស្រមតាមផែនការស្នូលរបស់ក្រសួងដែលបានដាក់ចេញ ។
លោកផៃ ប៊ុនឈឿន បានវាយតម្លៃខ្ពស់លើលទ្ធផលការងាររបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអនុវត្តការងារបានយ៉ាងល្អប្រសើរ។ លោករដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានស្នើដល់បណ្តាអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក បន្តជម្រុញកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះជាមួយមន្ទីរបរិស្ថាន ដើម្បីបង្កើនប្រសិទ្ធភាព ការគ្រប់គ្រងអោយកាន់តែល្អប្រសើរបន្ថែមទៀត ៕