ខេត្តបន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​៦​នាក់ (​ស្រី​ចំនួន​៣​នាក់​) បាន​រង​របួសធ្ងន់​ស្រាល ដោយសារ សត្វ​ក្របី​ឡើង​.​កមួយ​ក្បាល រត់​ដេញ​វ័ធ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៣ នៅ​ភូមិ​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ ប្រុស​ស្រី​ចំនួន​២​នាក់ បាន​រង​របួសធ្ងន់ ដោយសារ​ក្របី​វ័ធ រួម​មាន ៖ ទី​១-​ឈ្មោះ ហង្ស ខៀវ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​គីឡូ​ត៌​ម៉ែត្រ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត​។ ជន​រង​គ្រោះ ទី​២-​ឈ្មោះ សុវណ្ណ ស្រី​លាក់ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​បាយ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ។ ក្នុង​នោះ​មាន​ម៉ូតូ​មួយ​ចំនួន​ក៏​ត្រូវ​ក្របី​មួយ​ក្បាល​នេះ វ័ធ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ផង​ដែរ ។ ជន​រង​គ្រោះ ត្រូវ​ដឹក​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទី​ពេទ្យ​បង្អែក ។

បើ​តាម​សេចក្ដីរាយការណ៍ បានអោយ​ដឹង​ថា ក្របី​ឡើងក​មួយ​ក្បាល បាន​បោល​ចេញពី​ភូមិ​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​បោល តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មក​ចូល​ក្នុង​ផ្សារ ហើយ​បាន​បោល​វ័ធ ទៅ​លើ​ជន​រង​គ្រោះ កំពុង​តែ​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​រង​របួស​តែ​ម្ដង ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​វ័ធ​ទៅ​លើ​ជន​រង​គ្រោះ ក្របី​ឡើងក​មួយ​ក្បាល​នោះ បាន​ព្យាយាម​បោល​ដេញ​វ័ធ​អ្នកស្រុក និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​ចំនួន តាម​ផ្លូវ​បេតុង ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​ពលរដ្ឋ​ផង​ដែរ ។

ទោះ​យ៉ាងណា ក្របី​ឡើងក​មួយ​ក្បាល​នោះ ត្រូវ​សមត្ថកិច្ច និង​ពលរដ្ឋ​នាំ​គ្នា​ដេញ​តាម​ព័ទ្ធ​ចាប់ យក​មក​រក្សា​ទុក ដើម្បី​កុំ​ឲ្យ​ដេញ​វ័ធ​មនុស្ស បន្ត​ទៀត​។

លោក​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្របី​មួយ​ក្បាល​លើ​នោះ ត្រូវ​បាន​កម្លាំង​លោក​ព័ទ្ធ​ចាប់​បាន​ហើយ ដោយ​ប្រើ​ពេល​អស់​២​ម៉ោង និង​កំពុង​ស្វែងរក​ម្ចាស់​ក្របី ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ ជាមួយ​ជន​រង​គ្រោះ និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ អ្នក​ដទៃ ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed