រាជធានីភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣នេះ បានសម្តែងនូវការហួសចិត្តជាអនេក ជុំវិញបញ្ហាដែលមានអ្នកខ្លះបានយករឿងជំនន់ទឹកភ្លៀងនៅកម្ពុជា ធ្វើជាប្រធានបទវា.យប្រ.ហាររាជរដ្ឋាភិបាល។
សារសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារលើគណនី Twitter ផ្លូវការរបស់សម្តេចថា «ជំនន់ទឹកភ្លៀងកំពុងវា.យប្រ.ហារយ៉ាងខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ»។
សម្តេចតេជោ បានសរសេរបន្តថា «ចម្លែកនៅស្រុកខ្មែរ ភ្លៀងធ្លាក់កម្រិត១៥៣មិល្លីម៉ែត្រមិនធ្លាប់មាន បែរជានាំគ្នាធ្វើជាប្រធានបទវា.យប្រ.ហាររាជរដ្ឋាភិបាល»។
សូមរម្លឹកថា កាលពីរសៀលថ្ងៃទី៣ ខែកក្កដា កន្លងទៅ មានភ្លៀងធ្លាក់មួយមេធំនៅរាជធានីភ្នំពេញ ដែលមានកម្ពស់ទឹក១៥៣មិល្លីម៉ែត្រ ដែលជាកម្ពស់ទឹកភ្លៀងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ បណ្តាលឲ្យទឹកលិចលង់ដងផ្លូវ និងតំបន់មួយចំនួននៅក្រុងភ្នំពេញ។ ក្រោយមករូបភាពជាច្រើន និងវីដេអូនៃជំនន់ទឹកភ្លៀងលិចដងផ្លូវ លិចរថយន្ត ម៉ូតូ និងផ្ទះសម្បែងនានា ត្រូវបានបង្ហោះយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុក។
សូមបញ្ជាក់ផងដែរថា ព្យុះភ្លៀងដ៏ខ្លាំងបានបង្អុរចុះនៅទីក្រុងញូវយ៉ក និងក្នុងរដ្ឋ Vermont កាលពីល្ងាចថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទ ត្រូវនឹងថ្ងៃទី ០៩ និងទី១០ ខែកក្កដា ដែលបណ្តាលឱ្យមានទឹកជំនន់ជាប្រវត្តិសាស្ត្រនៅទូទាំងភាគឦសានដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ បំផ្លាញផ្លូវសំខាន់ៗ និងត្រូវបង្ខំឱ្យបិទផ្លូវដើម្បីធ្វើការ និងការព្រមានជាបន្ទាន់អំពីទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត។