ខេត្តសៀមរាប ៖ ជនដៃដល់ដែលជាបងធំមានឈ្មោះ អ៊ី ប៊ុនហេង ជាមន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាកូនអ្នកមានអំណាចនៅក្នុងក្រុងផងនោះ បាននាំបក្សពួកជិត២០នាក់ ជិះរថយន្ត៤គ្រឿង និងហែរហមអមដោយម៉ូតូជាច្រើនគ្រឿង ទៅធ្វើសកម្មភាពទាញកៅអីវ៉ៃ និងវា.យទៅលើម្ចាស់ហាងកាហ្វេយីហោ «ឃ្វីនកាហ្វេ» ដល់កន្លែងលក់ទាំងយប់តែម្តង នៅចំណុចទល់មុខសាលារៀនវិទ្យាល័យអង្គរ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប បណ្តាលឱ្យរងរបួសធ្ងន់បែកក្បាលដេរជិត២០ថ្នេរ ប៉ុន្តែមកដល់ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ ជាពិសេសលោកស្នងការនៅរក្សាភាពស្ងៀមស្ងាត់បានល្អដដែល ព្រមទាំងបិទបាំងព័ត៌មានជិតបានល្អទៀតផង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចម្នាក់ក្នុងក្រុងសៀមរាប នៃស្នងការដ្ឋាននគរបាលខេត្ត សូមមិនបញ្ចេញឈ្មោះ បានអោយដឺងថានៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះថា ជនបង្កឈ្មោះ អ៊ី ប៊ុនហេង អាយុជាង៣០ឆ្នាំ មុខរបរជាមន្ត្រីប៉ូលិសខេត្តសៀមរាប ហើយក៏ជាកូនអ្នកមាន និងមានឥទ្ធិពលនៅក្នុងក្រុងសៀមរាបផងដែរ។
ប្រភពដដែលបានបន្ថែមថា ជនបង្កខាងលើនេះ ធ្លាប់មានប្រវត្តិផឹកស៊ីស្រវឹង រួចវា.យគេនៅក្នុងបរិវេណផ្សាររាត្រី (ផាប់ស្ទ្រីត) បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប កាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែជននេះ មិនឃើញមានសមត្ថកិច្ចណាម្នាក់ចាប់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារម្តងណាឡើយ បែរជាដើរធ្វើព្រងើយនៅកណ្តាលក្រុងសៀមរាបទៀតផង ព្រោះតែអាងខ្នង និងលុយ។
គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ គ្រាន់តែទាស់ទែងពាក្យសម្ដី មើលមុខឌឺដងដាក់គ្នា និងរឿងស្រីនៅក្នុងហាងកាហ្វេយីហោ «ឃ្វីនកាហ្វេ» ជនបង្កក៏នាំគ្នាស្ទុះទៅវ៉ៃម្ចាស់ហាង បណ្តាលឱ្យរត់ចេញមកក្រៅផ្អើលពេញផ្លូវ នៅក្នុងកណ្តាលក្រុងសៀមរាបផងដែរ។
បើយោងទៅតាមការរៀបរាប់ពីបងប្អូនជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ហាងកាហ្វេខាងលើនេះមានឈ្មោះ ហេង លីហ៊ួរ រស់នៅក្នុងក្រុងសៀមរាប គាត់បានអង្គុយលេងនៅក្នុងហាងកាហ្វេរបស់គាត់ជាមួយមិត្តភក្តិចំនួន២នាក់។ រហូតដល់វេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ ស្រាប់តែជនបង្កមានគ្នាជិត២០នាក់ បានចូលមកវា.យជនរងគ្រោះនៅក្នុងហាងតែម្ដង។ ចំណែកឯជនរងគ្រោះបានរត់ចេញទៅក្រៅ ដើម្បីឱ្យអ្នកជិតខាងជួយ ហើយពេលនោះជនរងគ្រោះក៏បានរត់ចូលទៅក្នុងហាងមួយទៀតដែលមានឈ្មោះ «តាម៉ាប់ស្លាបមាន់ក្រឡុក» នៅក្បែរនោះ ដើម្បីឱ្យបុគ្គលិក ឬភ្ញៀវជួយផង ប៉ុន្តែគ្មាននរណាម្នាក់ជួយនោះទេ ទើបក្រុមជនបង្កដេញវា.យចូលទៅដល់ហាងតែម្តង។ បន្ទាប់មកជនរងគ្រោះក៏រត់ចេញមកក្រៅវិញ តែក្រុមជនបង្កនៅតែដេញតាមវា.យ រហូតដល់សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។
បើតាមបងប្អូនរបស់ជនរងគ្រោះ បានបន្តថា នៅពេលជនបង្កគេចខ្លួនបាត់អស់ ពួកគាត់ក៏នាំគ្នាមកជួយយកជនរងគ្រោះទៅគ្លីនិកឯកជន ដើម្បីជួយសង្គ្រោះ ព្រោះថា ជនរងគ្រោះត្រូវរបួសធ្ងន់ បណ្ដាលឱ្យហូរឈា.មជាច្រើន។ បងប្អូនជនរងគ្រោះបានបញ្ជាក់បន្ថែមថា ចំពោះសមត្ថកិច្ចនគរបាលវិញមិនទាន់ចាប់បានជនដៃដល់នៅឡើយទេ រហូតមកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បែរជាស្ងាត់ឈឹងតែម្តង។
រីឯពលរដ្ឋរស់នៅជិតនោះ បានលួចខ្សឹបប្រាប់នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះថា មុនពេលកើតហេតុ ពួកគាត់បិទទ្វារហូបបាយនៅខាងក្នុង ស្រាប់តែមួយសន្ទុះ ក៏លឺស្រែកឡូឡា ដោយមិនដឹងថា តើមានរឿងអីនៅខាងក្រៅនោះទេ?។ បន្ទាប់មកពួកគាត់ក៏បើកទ្វារអើត មើលមកក្រៅ ក៏ឃើញក្មេងៗមួយក្រុមធំនាំគ្នាដេញវា.យម្ចាស់ហាងកាហ្វេយីហោ «ឃ្វីនកាហ្វេ» ប៉ុន្តែមិនឃើញមានសមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចខេត្ត-ក្រុងណា ចុះមកជួយអន្តរាគមន៍ឡើយ ឃើញតែមានអ្នកថត។ លុះមួយសន្ទុះក្រោយមក ក៏ឃើញសមត្ថកិច្ចចុះមកដល់ ប៉ុន្តែជនបង្កខ្លះរត់ឡើងឡាន ខ្លះទៀតរត់ឡើងម៉ូតូ រួចបើកគេចខ្លួនបាត់អស់ទៅហើយ នៅសល់តែសមត្ថកិច្ចកំពុងសួរនាំម្ចាស់ហាងកាហ្វេតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ករណីហិ.ង្សានៅហាងកាហ្វេយីហោ «ឃ្វីនកាហ្វេ» នោះ ដឹកនាំដោយបងធំឈ្មោះ អ៊ី ប៊ុនហេង បានបង្កការភ្ញាក់ផ្អើល និងអសន្តិសុខ កាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅមុខវិទ្យាល័យអង្គរ ក្នុងភូមិសាស្ត្រសង្កាត់សាលា កំរើក ក្រុងសៀមរាប រហូតមកដល់ពេលនេះ ជនបង្កនៅតែបើកបររថយន្ត និងដើរធ្វើព្រងើយ ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងលើខ្លួនឯងសោះ។
ចំណែកលោកវរសេនីយ៍ឯក មឿន បូរី ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលអន្តរាគមន៍ និងតម្រួតបញ្ជាបានប្រាប់សារព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះថា រឿងហ្នឹង ពួកខ្ញុំកំពុងចំណាត់ការហើយ តែពេលនេះខ្ញុំសុំអធ្យាស្រ័យមិនអាចប្រាប់តាមទូរស័ព្ទ បានទេ បើចង់ដឹងច្បាស់មកកន្លែងខ្ញុំ»។
បើតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទ ណាត ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ភ្នាក់ងារកោះសន្តិភាពតាមតេឡេក្រាមនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះថា ជនល្មើសដែលប្រព្រឹត្តបទល្មើស កម្លាំងនគរបាលជំនាញយើង បានហៅមកសួរនាំរឿងហិ.ង្សាដោយចេតនានេះ គឺកើតឡើងមកពីការឌឺដងដាក់គ្នា ដោយសាររឿងមនុស្សស្រី។ លោកបន្ថែមថា ហើយករណីវា.យតប់នោះ យើងឃើញមានមនុស្សច្រើន ប៉ុន្តែការបង្កនោះដោយជនដៃដល់ម្នាក់ គឺយើងឱ្យកម្លាំងហៅគាត់មកសួរនាំ ហើយឱ្យភាគីទាំងសងខាងមានការសម្របសម្រួលគ្នា ជាសំណងអស់ហើយ។
លោកបញ្ជាក់ថា ជនបង្កគឺជាកងកម្លាំង ដូច្នេះយើងត្រូវដាក់វិន័យក្នុងនាមគាត់ជាមន្ត្រីអនុវត្តច្បាប់ ហើយគាត់គឺជាកងកម្លាំង និងធ្វើផ្តេសផ្តាសទៀត ដូច្នេះយើងដាក់គាត់ឱ្យត្រូវវិន័យទៅ ០០៦។ ដោយឡែកអ្នកដទៃទៀត គឺយើងបានហៅសួរនាំដែរ ប៉ុន្តែជាការចូលរួម ព្រោះជាក់ស្តែងពួកគាត់ជាសហចារី ជាការចូលរួម ប្រសិនជាគាត់អត់បានប្រព្រឹត្ត ឬក៏វ៉ៃទៅលើជនរងគ្រោះទេ ដូច្នេះយើងមិនអាចយកគេមកដាក់ទោសបានទេ លុះត្រាពួកគេធ្វើសកម្មភាពព្រួតគ្នាវ៉ៃទៅលើជនរងគ្រោះ ទើបយើងអាចយកមកដាក់ទោសបាន។ ចឹងក្នុងរឿងនេះ កម្លាំងយើងបានរៀបចំសំណុំរឿងហើយ ជាការផ្សះផ្សាក្រៅប្រព័ន្ធតុលាការរួចរាល់ហើយដែរ។
គួរបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ បច្ចុប្បន្នជនរងគ្រោះដែលជាម្ចាស់ហាងកាហ្វេ យីហោ «ឃ្វីនកាហ្វេ» បានបិទទ្វារ រួចដាក់ស្លាកជួលហាងវិញ បន្ទាប់ពីមានរឿងអាស្រូ.វជាមួយកូនអ្នកមានអំណាច និងជាមន្ត្រីប៉ូលិសខេត្តសៀមរាបផងដែរ។
ហើយជុំវិញករណីខាងលើនេះដែរ ពលរដ្ឋនៅក្នុងខេត្តសៀមរាប សូមសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេសសម្តេចក្រឡាហោម ស ខេង ជួយចាត់វិធានការចំពោះមន្ត្រីអាងអំណាចមួយចំនួននៅក្នុងក្រុងសៀមរាប ដែលធ្វើឱ្យប្រជាពលរដ្ឋភិតភ័យ ដោយសារមានបើកល្បែ.ងស៊ីសងតាមប្រព័ន្ធអនឡាញ និងមានចោ.រលួច ព្រមទាំងជិះម៉ូតូដេញវា.យតប់គ្នាសឹងតែរាល់យប់ទៅហើយ។
ដកស្រង់ពីkohsantepheapdaily