រាជធានី​ភ្នំពេញ ៖ ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) មានការ​ភ្ញាក់ផ្អើល និង​សោកស្តាយ​ជា​ខ្លាំង​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា ឈ្មោះ មូល រតនៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​និពន្ធ​នាយក​កាសែត​សេនាបតី​ញូ​ស៍ និង​ជា​សមាជិក​របស់​ក្លិប​អ្នកកាសែត​កម្ពុជា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​លើ​បណ្តឹង​បទល្មើស​ព្រហ្មទណ្ឌ​ពី​បទ​ក្លែងបន្លំ​ធ្វើ​ជា​បុគ្គលិក​របស់​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ដើម្បី​ជម្រិត​ទារប្រាក់​ពី​ថ្នាក់ដឹកនាំ​តាម​អង្គភាព​ស្ថាប័នរដ្ឋ​នានា ។

ក​.​អ​.​ក សូម​បញ្ជាក់​ថា សមាជិកភាព​របស់​ឈ្មោះ មូល រតនៈ ត្រូវ​បាន​ព្យួរ​រួច​ហើយ ហើយ​យោង​តាម​លក្ខន្តិកៈ​របស់ ក​.​អ​.​ក ប្រសិនបើ​តុលាការ​រក​ឃើញ​ភស្តុ​តាង​បទល្មើស​ពិតប្រាកដ​មែន ក​.​អ​.​ក នឹង​លុបឈ្មោះ មូល រតនៈ ចេញពី​សមាជិក​ភ្លាម ។

ក​.​អ​.​ក ក៏​សូម​អំពាវនាវ​ជា​ថ្មី​ម្តងទៀត ដល់​សមាជិក សមាជិកា​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ឲ្យ​ប​បាន​ខ្ជាប់ខ្ជួន នូវ​ក្រមសីលធម៌​វិជ្ជា​វីវៈ ដើម្បី​លើកតម្កើង​ភាព​ថ្លៃថ្នូរ និង​ធានា​ដល់​សេរីភាព​សារព័ត៌មាន ។

ក​.​អ​.​ក សង្ឃឹមថា សមាជិក សមាជិកា​ទាំងអស់ នឹង​បន្តដំណើរ​ជាមួយ ក​.​អ​.​ក ដើម្បី​លើកកម្ពស់​ការ​អនុវត្ត​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មាន សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ស្ថាប័ន ក​.​អ​.​ក នៅ​តែ​រក្សា​បាន​នូវ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​សមជា​សមាគម​សារព័ត៌មាន ដែល​ឈានមុខ​គេ​នៅ​កម្ពុជា ។

សូម​ជម្រាប​ថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣​នេះ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ពាក់ព័ន្ធ​ក្លែង​អត្តសញ្ញាណ​ជា​បុគ្គលិក​សារព័ត៌មាន​ទូរទស្សន៍​បាយ័ន ដើម្បី​សុំ និង​ជម្រិត​ទារប្រាក់​ពី​ថ្នាក់ដឹកនាំ​តាម​ស្ថាប័នរដ្ឋ នានា ។

ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​អម​សាលា​រាជ​ដំបូង​រាជធានី​ភ្នំពេញ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ មូល រតនៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ចំណុច​ភូមិសាស្ត្រ ភូមិ​ត្រពាំង​ជើង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ ។

បន្ទាប់​ពី​ការ​សាកសួរ ជនសង្ស័យ បាន​សារភាព​ពី​ការ​ប្រព្រឹត្ត​បទល្មើស​ខាងលើ​ពិតប្រាកដ​មែន ចាប់តាំងពី​ឆ្នាំ​២០២១ មក បន្ថែម​ពី​នោះ​ក៏​ធ្លាប់​បាន​ក្លែងបន្លំ​ជា​អ្នក​សារព័ត៌មាន​មក​ពី​បណ្តាសារ​ព័ត៌មាន​ផ្សេង​ៗ ជា​ច្រើន​ផង​ដែរ ក្នុង​នោះ​ក៏​បាន​ក្លែង​ជា​បុគ្គលិក នៃ​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន យក​ទៅ​ភ្ជាប់​សារ Telegram និង WhatsApp ដើម្បី​ទាក់ទង​ទៅ​កាន់​ថ្នាក់ដឹកនាំ​អង្គភាព​ចំណុះ​ក្រសួង​ស្ថាប័នរដ្ឋ​នានា ដើម្បី​សុំ​ប្រាក់​ចុះ​បេសកកម្ម និង​គំរាមកំហែង​ថា នឹង​ចុះ​ព័ត៌មាន​អំពី​អំពើ​អសកម្ម​នានា ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed