មន្ត្រី នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ “​ក​.​ប​.​ប​.” បាន​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​ទីតាំង​មួយ​កន្លែង​ដែល​លួច​នាំ​ចូល​នូវ​គ្រឿងបន្លាស់​យានយន្ត ដែល​ផលិតផល​ក្លែងបន្លំ ក្លែងក្លាយ បំពាន​សិទ្ធិ​ផ្តាច់មុខ និង​ខុសច្បាប់ ដែល​ពាក់​ម៉ាក​តូ​យូ​តា ពុំ​មាន​ស្លាក​សញ្ញា និង​ពុំ​មាន​ប្រភព​នាំ​ចូល​ចែកចាយ​ច្បាស់លាស់ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​សមត្ថកិច្ច​ដកហូត​នូវ​ផលិតផល ចំនួន ២៦​មុខ ស្មើនឹង ២,៤៤០ គីឡូក្រាម ។

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ចុះ​បង្ក្រាប​ទៅ​លើ​ផលិតផល​ក្លែងបន្លំ​ម៉ាក​តូ​យូ​តា បំពាន​សិទ្ធិ​ផ្តាច់មុខ នេះ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន តូ​យូ​តា ខេ​ម​បូ​ឌា​។ ដោយ​ចុះ​ត្រួតពិនិត្យ​រយៈពេល ០៥​ថ្ងៃ មក​ហើយ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២៣ ។ យ៉ាងណា មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ម្ចាស់​ទីតាំង​នោះ​ឡើយ​។

មន្ត្រី​ក​.​ប​.​ប​. នឹង​បន្ត​ចុះ​អនុវត្ត​ការ​ត្រួតពិនិត្យ និង​បង្ក្រាប​ទៅ​លើ​រាល់​ផលិតផល​ដែល​ល្មើស និង​បំពាន​ច្បាប់​ជា​ប្រចាំ សំដៅ​រក្សា​បាន​នូវ​បរិយាកាស​វិនិយោគ ការ​ប្រកួតប្រជែង​ក្នុង​សកម្មភាព​អាជីវកម្ម​ដោយ​ស្មោះត្រង់ ស្មើភាព និង​ការពារ​បាន​នូវ​ផល​ប៉ះពាល់​ចំពោះ​អ្នក​ប្រើប្រាស់​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សុខុមាលភាព ។

ទន្ទឹម​នឹង​នេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ សូម​ប្រកប​អាជីវកម្ម ធ្វើ​ពាណិជ្ជកម្ម​ក្នុង​សកម្មភាព​ប្រកបដោយ​ភាព​សុចរិត គោរព​ទៅ​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ជៀសវាង​បាន​នូវ​ការ​ប្រឈម​ចំពោះ​ផ្លូវច្បាប់​ជាយថាហេតុ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *

You missed