នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូមកមាតុភូមិវិញ ប្រកបដោយសុវត្ថិភាព ។ ការអញ្ជើញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺបន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាទលើកទី៧៨ នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ ។
គួររំលឹកថា នេះជាដំណើរចេញបំពេញការងារនៅក្រៅប្រទេសលើកទី៣ហើយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងតួនាទីជានាយករដ្ឋមន្ត្រី ដោយដំណើរបំពេញការងារដំបូងនៅឥណ្ឌូនេស៊ី និងលើកទី២ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ខណៈដំណើរទស្សនកិច្ចទាំង៣លើក របស់សម្តេចនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងខែតែមួយពោលគឺកញ្ញានេះតែម្ដង ។
ទស្សនកិច្ចនេះ មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ«កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក ៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាពវិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា» ។
វត្តមានរបស់សម្ដេចធិបតីនៅទឹកដីអាមេរិក សម្តេចបានជួបកិច្ចប្រជុំទ្វេភាគី ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ, លោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស្ដីទី របស់សហរដ្ឋអាមេរិក និងឥស្សរជនបរទេសមួយចំនួន ក្នុងអំឡុងពេលស្នាក់នៅ ទីក្រុងញូវយ៉ក ។ ហើយនឹងមានការជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីនោះផងដែរ ។
ដកស្រង់ពីkohsantepheapdaily