ក្រោយ​ពី​រក​ឃើញ​មាន​ក្មេង​ស្រី​អាយុ​2​ឆ្នាំ​ម្នាក់ ឈ្មោះ ឈី​ន សូ​រី​ន បាន​ឆ្លង​ជំងឺ​ផ្ដា​សាយបក្សី H5N1 បាន​ស្លាប់​បាត់បង់​ជីវិត​កាលពី​វេលា​ពាក់កណ្ដាល​អា​ធ្រា​ត្រ​ថ្ងៃ​ទី​០៨ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​០៩ តុលា ២០២៣ ក្រសួងសុខាភិបាល​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ តុលា ដដែល ដោយ​បាន​ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​ផ្ដាសាយបក្សី​នេះ ព្រោះ​វា​នៅ​តែ​បន្ត​គំរាមកំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​យើង ជា​ពិសេស ទៅ​លើ​កុមារ​ដែល​ជា​ក្រុម​មនុស្ស​ងាយ​រង​គ្រោះ​បំផុត​។

ជាក់ស្តែង នៅ​ឯ​ខេត្តព្រៃវែង ព្រឹក​ថ្ងៃ​ទី​១០ តុលា នេះ អាជ្ញាធរ​ខេត្ត​-​ស្រុក រួម​ទាំង​មន្ត្រី​ជំនាញ​សុខ

បាល និង​មន្ទីរ​កសិកម្ម​ខេត្ត ក៏​បាន​នាំ​គ្នា​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​ជុំវិញ​លំនៅ​ឋាន​របស់​កុមារី​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ជំងឺផ្ដាសាយបក្សី​នេះ​ផង​ដែរ គឺ​ស្ថិត​នៅ​ក្នុងភូមិ​ឆ្មា​លោត ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

លោក ប៊ិ​ន ជី​វ័​ន្ត អភិបាលស្រុក​កំចាយមារ​បាន​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃ​ទី 10 តុលា នេះ​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ដែល​ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​មក ឯកឧត្តម សួន សុ​ម៉ា​លី​ន​អភិបាលខេត្ត​ព្រៃវែង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត​, មន្ទីរ​កសិកម្ម​ខេត្ត រួម​ទាំង​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ផង បាន​ចុះ​មក​ត្រួតពិនិត្យ​ដោយ​ផ្ទាល់ នៅ​ជុំវិញ​តំបន់​ផ្ទះ​ក្មេង​ស្រី​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នោះ ។

ជា​លទ្ធផល ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​អស់​រយៈពេល​មួយ​ព្រឹក មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ថា នៅ​តំបន់​នោះ គឺ​ធ្លាប់​មាន​សត្វ​មាន់​-​ទា​ឈឺ​ងាប់ ហើយ​ត្រូវ​បាន​មនុស្ស​យក​ទៅ​ទទួលទាន​ផង​ដែរ​ ។ ក្នុង​ពេល​ពិនិត្យ និង​ស្រាវជ្រាវ​នេះ​ផង​ដែរ មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​សំណាក​ទៅ​លើ​មនុស្ស​ចំនួន​១២​នាក់​ដែល​មាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​ដែល​ស្លាប់​ហើយ​បាន​ដាក់​អ្នក​ទាំងនោះ​ឲ្យ​នៅ​ដាច់​ដោយឡែក មិន​ឱ្យ​មានការ​ទាក់ទង​ជាមួយ​អ្នក​ខាងក្រៅ​ឡើយ គឺ​រង់ចាំ​រហូត​ដល់​ទទួល​បាន​លទ្ធផល​ពិនិត្យ​សំណាក​ចេញពី​ប៉ាស្ទ័រ​សិន​។

ដោយឡែក ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ជំងឺ​របស់​ក្មេង​ស្រី​រង​គ្រោះ​លោក ប៊ិ​ន ជីវ័ន អភិបាលស្រុក​បាន​ឲ្យ​ដឹង​ថា តាម​ការ​រៀបរាប់​របស់​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ នាង​បាន​កើត​មាន​អាកា​រៈ​ផ្ដាសាយ ហៀរ​សំបោរ តាំងពី​ថ្ងៃ​ទី​30 កញ្ញា មក​ម្ល៉េះ ប៉ុន្តែ​ពី​ដំបូង​ឪពុក​ម្ដាយ​នឹក​ស្មានថា នាង​កើត​ជំងឺ​ផ្ដាសាយ​ធម្មតា ទើប​ទិញ​ថ្នាំ​ឱ្យ​លេប​នៅផ្ទះ​អស់​រយៈពេល 2 ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​1 និង​ទី 2 តុលា ។

ប៉ុន្តែ​ដោយ​អាកា​រៈ​មិន​បាន​ធូរស្រាល ក៏​បាន​យក​កូន​ទៅ​ព្យាបាល​នៅផ្ទះ​ពេទ្យ​ក្នុងភូមិ​ពីរ​ថ្ងៃ​ទៀត គឺ​នៅ​ថ្ងៃ​ទី 3 និង​ទី 4 តុលា​ក្រោយមក ដោយ​អាការ​:​ហាក់​នៅ​តែ​មិន​បាន​ធូរស្រាល​សោះ ទើប​នៅ​ថ្ងៃ​ទី 5 តុលា​ឪពុក​ម្ដាយ​ក៏​សម្រេចចិត្ត​យក​កូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ឯ​រាជធានី​ភ្នំពេញ​បន្ត ។

​ការ​ព្យាបាល​នៅ​ទីនោះ អស់​រយៈពេល​3​ថ្ងៃ គឺ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​8 តុលា អាការ​:​កូនស្រី​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា​អស់​លទ្ធភាព​ព្យាបាល​ហើយ ទើប​នៅ​វេលា​ម៉ោង​១​យប់​ថ្ងៃ​ទី​8 ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី 9 តុលា ឪពុក​ម្ដាយ​ក៏​បាន​ដឹក​កូនស្រី​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​យប់​។ ពេល​មក​ដល់​ផ្ទះ​ក៏​ឃើញ​ថា កូនស្រី​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ទើប​រៀបចំ​ធ្វើបុណ្យ​ឲ្យ​កូន​ទៅ​តាម​ប្រពៃណី​តែ​ម្ដង​ទៅ​។

លោក ប៊ិ​ន ជីវ​ន្ត័ អភិបាលស្រុក​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល រួម​ទាំង​មន្ត្រី​ជំនាញ​ពេទ្យសត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត នៅ​តែ​បន្ត​បេសកកម្ម​របស់​ខ្លួន ដោយ​ធ្វើការ​តាម​ដាន​ត្រួតពិនិត្យ នៅ​តំបន់​ជុំវិញ​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះជា​បន្ត​ទៀត រហូត​ដល់​រយ​:​ពេល​14​ថ្ងៃ ហើយ​ក្នុងអំឡុងពេល​នេះ មន្ត្រី​ជំនាញ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នឹង​បន្ត​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​រៀងរាល់ថ្ងៃ​នៅ​ជុំវិញ តំបន់​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ​ផង​ដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *

You missed