បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កន្លែង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​សាំង​ចូល​ទៅ​ដុ​.​ត បណ្ដាល​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​កោស​ជប់​១០០០០​រៀល ជិត​ស្ថានីយ​បូមទឹក​បឹង​ទំពន់ ផ្លូវ​៣៧១ ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​នារី​ជា​បុគ្គលិក​បំរើ​ការ​នៅ​ទីតាំង​ខាងលើ បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មុន​ពេល​កើតហេតុ ពួក​គាត់​កំពុង​តែ​អង្គុយ​ជុំ​គ្នា​នៅ​ខាង​មុខ​ផ្ទះ ដើម្បី​រង់ចាំ​បំរើសេវា​កម្ម​កោស​ជប់​ម៉ាស្សា​ដល់​ភ្ញៀវ​។ ស្រប​ពេល​នោះ ក៏​ស្រាប់តែ​បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​មួយ​គ្រឿង បាន​ជិះ​មក​ឈប់ រួច​ទម្លាក់​បុរស​ម្នាក់ ដោយ​មាន​យួរ​ធុង​ទឹកកក​តូច​មួយ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​កោស​ជប់​តែ​ម្តង​»​។

ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​ថា «​បន្ទាប់​ពី​ឃើញ​បុរស​ម្នាក់​នោះ​ចូល​ទៅ​ក្នុង​បន្ទប់​ហើយ ពួក​គាត់​ជានា​រី​ៗ​ស្មាន​តែ​បុរស​រូប​នោះ​មក​រក​សេវា​ម៉ាស្សា​កោស​ជប់ តែ​មានអី​ក៏​ស្រាប់តែ​ឃើញ​បុរស​រូប​នោះ​រត់​ចេញ​មក​ក្រៅ​វិញ រួច​ហើយ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​រត់គេច​ចេញ​ទៅ​បាត់ ចំណែក​ក្នុង​បន្ទប់​កោស​ជប់​វិញ ក៏​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ពូក និង​ខោអាវ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង​»​។

ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​ទៀត​ថា ភ្លាម​នោះ​ពួក​គាត់​នាំ​គ្នា​ស្រែក​ឆោឡោ​ថា មាន​ភ្លើង​ឆេះ ផ្អើល​អស់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​យក​ទឹក និង​បំពង់​ពន្លត់​អគ្គិភ័យ​មក​បា​.​ញ់​ពន្លត់​អស់​ជា​ច្រើន​បំពង់ ទើប​ធ្វើ​អោយ​ភ្លើង​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ដដែល ។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ ក៏​មាន​កម្លាំង​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយា​ល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​ទៅ​ដល់​កន្លែង​កើតហេតុ​ចំនួន​១​គ្រឿង​ដែរ តែ​មិន​បាន​ប្រើប្រាស់​ទឹក​នោះ​ទេ ដោយសារ​ពលរដ្ឋ​ជួយ​គ្នា​ពន្លត់​ទាន់​ពេលវេលា​ទៅ​ហើយ​។

ចំពោះ​ហេតុការណ៍​នេះ​វិញ គឺ​មិន​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ហើយ​ក៏​មិន​មាន​​ឆេះ​រាលដាល​ដល់​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ផ្សេង​ទៀត​ដែរ គឺ​គ្រាន់តែ​ខូចខាត​សម្ភារៈ​មាន​ដូច​ជា ពូក​អស់​១ និង​ខោអាវ​អស់​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។ ចំណែកឯ​មូលហេតុ គឺ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​យក​សាំង​ដាក់​ចូល​ក្នុង​ធុង​ទឹកកក​តូច រួច​មក​ចាក់​សាំង​ដុត ទើប​បង្ក​ក្លាយជា​អគ្គិភ័យ​តែ​ម្តង​៕

ដកស្រង់ពីkohsantepheapdaily

Leave a Reply

Your email address will not be published. Required fields are marked *

You missed