មណ្ឌលគិរី៖ ពលរដ្ឋមានរបរជីកទំពាំងព្រៃ ដែលជាស្ត្រីម្នាក់ ត្រូវគេរាយការណ៍មកថា បានស្លាប់ ក្រោយសត្វដំរីព្រៃចាប់បោកពេលដើររកទំពាំងក្នុងភូមិសាស្ត្រអូរដំរីផុង ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ករណីដ៏កម្រនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ចំថ្ងៃបុណ្យចូលឆ្នាំថ្មីតែម្តង។
យោងតាមរបាយការណ៍របស់នគរបាលស្រុកកែវសីមាបានបញ្ជាក់ថា នៅចំណុចអូរដំរីផុង ស្ថិតក្នុងភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីស្លាប់ចំនួន ០១ នាក់ ដោយសពមានឈ្មោះ សែម ស៊ីណាត ភេទ ស្រី អាយុ ៣៨ឆ្នាំ រស់នៅ ភូមិ អូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ទីកន្លែងកំណើតស្ថិតនៅក្នុងភូមិមេម៉ង់ ឃុំមេម៉ង់ ស្រុកមេមត់ ខេត្តកំពង់ចាម។
តាមការសាកសួរពីរបងប្អូនសាច់ញាតិរបស់សពបានអោយដឹងថា សពនិង ប្ដីទៅរកទំពាំងនៅចំណុចអូរដំរីផុង ពេលនោះក៏បំបែកគ្នារកទំពាំងបន្តិចក្រោយមក ក៏ឃើញប្រពន្ធត្រូវបានដំរីចាប់បោកបណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយប្ដីក៏បានតេទូរស័ព្ទហៅបងប្អូនអោយមកជួយ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯ ស្រុកកំណើត ភូមិ មេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕
សូមទស្សនាឃ្លីបវីដេអូ៖