ពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែរនៅក្នុងខេត្តត្រាវិញ ពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នេះបើយោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា ។

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីសូត្រមន្ត អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្គែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

នៅរសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រី ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅដល់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាមហើយ ។

ក្នុងទីអារាមវត្តពោធិគិរីវង្សារាម គឺមានបងប្អូនខ្មែរក្រោមយ៉ាងច្រើនកុះករ មករង់ចាំទទួលស្វាគមន៍ការអញ្ជើញមកដល់របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗ នៃរាជរដ្ឋាភិបាលកម្ពុជា ។

អង្គកឋិនទាននេះ ត្រូវបានប្រសិទ្ធនាមជា «អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ព្រោះជាអង្គកឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។

តាមកម្មវិធីបុណ្យ នៅរសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដង្ហែអង្គកឋិនទានឆ្ពោះទៅដល់កាន់វត្តពោធិគិរីវង្សារាម ក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម ហើយនឹងប្រារព្ធនៅពិធីសាសនាតាមប្រពៃណីខ្មែរ នៅវត្តនោះ ។

លុះព្រឹកថ្ងៃទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់មកដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ ។

សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មានទីអារាមរហូតដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ៕

ដកស្រង់ពី​​ kohsantepheapdaily

Leave a Reply