ស្ទឹងត្រែង ៖ ទីលានតេជោសន្តិភាពនិងវេទិការនាគជ័យ ត្រូវបានក្រុងពាលី ដើម្បីរៀបចំសាងសង់នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤ នេះក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ។

ទីលានតេជោសន្តិភាពនិងវេទិការនាគជ័យនឹងធ្វើឲ្យក្រុងស្ទឹងត្រែងកាន់តែមានសោភ័ណភាពឡើងមួយកម្រឹតថែមទៀត។ហើយរៀបចំទីលានតេជោសន្តិភាព​និងវេទិការនាគជ័យ​នេះឡើង​ក្នុងគោលបំណងសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាឬផ្សេងៗ របស់ខេត្ត ជាពិសេសអាចអនុញ្ញាត​ឲ្យប្រជាពលរដ្ឋដើរកម្សាន្ត ឬហាត់ប្រាណនៅលើទីលាននេះផងដែរ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ។

យោងទៅតាមគម្រោងដាក់បង្ហាញ ទីលានតេជោសន្តិភាពនិងវេទិការនាគជ័យនេះនិងធ្វើឡើងលើទីតាំងចាស់សួនច្បាមុខសាលាខេត្តស្ទឹងត្រែង រាប់បញ្ជូលទាំង​ទីតាំង សួនច្បាអាគាហាត់សមសិល្បះរបស់ខេត្តផងដែរ។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ទីលានតេជោសន្តិភាពនិងវេទិការនាគជ័យ នេះនិងត្រូវធ្វើឲ្យរួចរាល់មុនការឈាន​ចូលមកដល់​នៃពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥នាពេលខាងមុខនេះ។ ហើយអ្វីដែលពិសេស ការរៀបចំ​សង្ក្រានសម្រាប់ឆ្នាំថ្មី២០២៥​ខាងមុខនេះក៏និងត្រូវធ្វើ​ឡើងនៅលើទីលានតេជោសន្តិភាពនិងវេទិការនាគជ័យនេះតែម្តង។

បន្ថែមពីលើនេះដែរ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីរៀបចំទីលានតេជោសន្តិភាពនិងវេទិការនាគជ័យនេះរួចរាល់ហើយ ឯកឧត្តមនិងបន្តរៀបចំនូវសួនច្បារថ្មីៗបន្ថែមទៀតដូចជា សួនសម្តេចបរវធិបតី ទល់មុខអង្គមាស និងសួនសន្តិភាពស្ថិតនៅលើផ្ទៃដែលជាអតីតៈការ៉ាស់សាំងចាស់ ទល់មុខសួនច្បារសាលាខេត្តផងដែរ។

គួកត់សំគាល់ថា ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក្រោយពីបានឡើងកាន់តំណែងជាអភិបាលខេត្តរួចមកបានរៀបចំកែលម្អរ ជួសជុល និងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ក្នុងក្រុងស្ទឹងត្រែងឲ្យកាន់តែមានសោភ័ណភាពស្រស់ស្អាតជាបន្តបន្ទាប់ ព្រមទាំងបានរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សួនច្បារ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ ការកែលម្អសោភណភាពក្រុងស្ទឹងត្រែង​ឱ្យកាន់តែមានភាពស្រស់បំព្រង​រស់រវើកដើម្បីទាក់ទាញអ្នកទេសចរឲ្យបានកាន់តែច្រើនឡើង៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed