ក្រសួងការពារជាតិ បានឲ្យដឹងថា នាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិកនឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល៥ ថ្ងៃដែលមាននាវិកសរុបចំនួន១០៣នាក់ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិ បានឲ្យដឹងថា តបតាមសំណើរបស់សហរដ្ឋអាមេរិក ក្នុងការចូលសំចតនាវា និងទទួលបានការឯកភាពពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន១០៣នាក់នឹងធ្វើការចូលសំចត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ។

ក្រសួងការពារជាតិ បានលើកឡើងថា ការចូលសំចតនាវារបស់សហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជា ការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ។

ក្រសួងការពារជាតិបានឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក មានចំនួន២៧គ្រឿង ដែលការចូលសំចតលើកនេះជាលើកដំបូង បន្ទាប់ពីខកខានអស់រយៈពេល០៨ឆ្នាំ ។ ក្នុងអំឡុងពេលចូលសំចតនាវានៅក្នុងប្រទេសកម្ពុជា រយៈពេល៥ ថ្ងៃនេះ គណៈប្រតិភូនាវាបានរៀបចំផែនការ សកម្មភាពជាបន្តបន្ទាប់ផងដែរ ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ។

ក្នុងផែនការ សកម្មភាពដែលបានគ្រោងទុករួមមានជំនួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាមជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ កម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ក្នុងន័យលើកកម្ពស់ភាពស្និទ្ធស្នាល និងការសាមគ្គីគ្នាជាក្រុម និងរួមមានកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀតផងដែរ ។

ជាមួយគ្នានោះដែរ ក្រសួងការពារជាតិបានលើកឡើងទៀតថា ដំណើរទស្សនកិច្ចខាងលើនេះជាព្រឹត្តិការណ៍សំខាន់មួយទៀតនៃភាពជាដៃគូកាន់តែប្រសើរឡើងរវាងព្រះរាជាណាច ក្រកម្ពុជា និងសហរដ្ឋអាមេរិក។

Leave a Reply

Your email address will not be published. Required fields are marked *

You missed