ភ្នំពេញ ៖ ​សំណុំរឿង​ពាក់ព័ន្ធ​ករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្តនិងម៉ូតូដែលបណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ហៅ​ RuthKo ស្លាប់ នៅចំណុចផ្លូវ ៦០ម៉ែត្រ ភូមិទួលរកា២ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ពេលនេះត្រូវបានចោទប្រកាន់អ្នកបើកបររថយន្តពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ ដោយបទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

យោងតាមអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចាក់ឲ្យដឹងកាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ថា នៅវេលាម៉ោង០១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-330 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.4771 ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ភេទប្រុស អាយុ២៤ឆ្នាំ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ផ្អែកតាមការសន្និដ្ឋានរបស់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ករណីខាងលើនេះ កើតឡើងដោយសារ អ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់ ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន។

ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់ភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស កើតឆ្នាំ១៩៨៩ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូន សំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *