កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉េត្របណ្ដាលឲ្យឪពុក និងកូនសរុប៣នាក់ស្លាប់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធីច្បាប់ កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា អ្នកបើកបររថយន្តបង្ក មានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅស្ថិតក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សូមរំលឹកថា កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក TOYOTA TACOMA PICK UP ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BS-1023 បើកបុកម៉ូតូម៉ាក HONDA CLICK ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1II- 2330 បណ្តាលឲ្យជនរងគ្រោះឪពុក និងកូនតូចសរុប៣នាក់ស្លាប់ និងស្រ្តីម្នាក់ជាប្រពន្ធរបួសធ្ងន់។ តាមសមត្ថកិច្ចអ្នកបើកបររថយន្ដបានបើកបរក្នុងស្ថានភាពស្រវឹងកម្រិតអាល់កុល 0,46Mg/l៕