ឧត្តរមានជ័យ៖ ប្លែកមែន! អ្នកសារអព័ត៌មានម្នាក់នាំយកគ្រាប់មីនតោន ១គ្រាប់ ទៅប្រគល់ជូនសមត្ថកិច្ចក្រុងសំរោង ខេត្តឧត្តរមានជ័យ តែត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ឃាត់ខ្លួន កាលពីវេលាម៉ោងប្រហែល ១០:០០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ អូរស្មាច់ ពេលដែលអ្នកសារព័ត៌មានរូបនេះ និងមិត្តភក្តិរបស់គាត់១នាក់ទៀត បានដឹកគ្រាប់មីនតោន១គ្រាប់ ដែលប្រទះឃើញនៅលើដី ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក ទឺ ពិទូ អ្នកយកព័ត៌មានរបស់អង្គ ភាពគេហទំព័រ មាតុភូមិ ប្រចាំខេត្តឧត្តរមានជ័យ ត្រូវបាន កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ចាប់ឃាត់ ខ្លួន កាលពីវេលាម៉ោងប្រហែល ១០:០០នាទីយប់ ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៥ នៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ អូរស្មាច់ ពេលដែលលោក ទឺ ពិទូ និងមិត្តភក្តិរបស់គាត់១នាក់ ទៀតបានដឹកគ្រាប់មីនតោន១ គ្រាប់ ដែលប្រទះឃើញនៅលើដី ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ យកមកប្រគល់ជូនសមត្ថកិច្ចនគរ បាលប៉ុស្តិ ។ ប៉ុន្តែបែរជាត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនទុកអោយនៅក្នុងទីស្នាក់ការប៉ុស្តិ១យប់ ហើយព្រឹកឡើងថ្ងៃទី០៧ ខែកុម្ភ:ឆ្នាំ ២០២៥ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនខ្លួន លោក ទឺ ពិទូ ទៅកាន់ស្នងការ ដ្ឋាននគរបាលខេត្តឧត្តរមាន ជ័យដើម្បីបន្តនីតិវិធី ។
លោក ប៊ុន អ៊ុយ មេប៉ុស្តិ សង្កាត់អូរស្មាច់ បានបញ្ជាក់ថា : លោក ទឺ ពិទូ ពិតជាត្រូវបានឃាត់ខ្លួន សំរាក់នៅក្នុងប៉ុស្តិ១យប់ពិត ប្រាកដមែន ហើយឥលូវត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តឧត្តរមានជ័យ ក្រោមបទចោទ តាមមាត្រា ៤៩០ពីបទ កាន់កាប់អាវុធ គ្រាប់រំសេវ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាតិពីអាជ្ញាធរ និង សមត្ថកិច្ច និងមាត្រា ទី៤៩១ ពីបទបោះបង់អាវុធគ្រឿងផ្ទុះ ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកដទៃក្នុងទីសាធារណ: នៃក្រមព្រហ្មទណ្ឌ ។

យ៉ាងណាមិញ ឆ្លើយតបចំពោះការចាប់ខ្លួនភា្នក់ងារយកព័ត៌មានរបស់អង្គភាពសារព័ត៌មានមាតុភូមិ ថ្នាក់ដឹកនាំសាម៉ីអង្គភាពរបស់លោក ទឺ ពិទូ បានអង្វរថ្នាក់ដឹកនាំគ្រាប់ជាន់ថ្នាក់ សុំក្តីសណ្តោស លើកលែងទោសឲ្យលោកពិទូមានសេរីភាពវិញផងចុះ ដោយនៅលើទំព័រហ្វេសប៊ុក មាតុភូមិញូស៍ នៅថ្ងៃទី៧ ខែកុម្ភះនេះ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំអង្គភាព គេហទំព័រ មាតុភូមិ ខ្ញុំបាទ ស៊ុន សុផល និពន្ធនាយក ក៏ដូចជាលោក ជា ច័ន្ទប្រាកដ ចាង ហ្វាងការផ្សាយ មិនរារាំង ចំពោះចំណាត់ការតាមផ្លូវច្បាប់របស់សមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ ចំពោះលោក ទឺ ពិទូ ភ្នាក់ងារ របស់យើងខ្ញុំនោះទេ ។ ខ្ញុំបាទ គ្រាន់តែចង់បញ្ជាក់និងជំរាបជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ ខេត្តឧត្តរមានជ័យ ពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកមេត្តាជ្រាបថា : លោកទឺ ពិទូ ពិត ជាបានផ្សាយ live បង្ហាញពីទីតាំងគ្រាប់មីនតោន១គ្រាប់ និងបានហៅមិត្តភក្តិទៅយកគ្រាប់ មីននិងដឹកជញ្ជូនមកប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិអូរស្មាច់ ដើម្បីផ្តល់ដំណឹងអោយខាងស៊ីម៉ាក់ មកទទួលយកថែរក្សាទុក ពុំមានចេតនាអ្វីក្រៅពីនេះផ្សេងទេ ហើយម្យ៉ាងទៀតក៏ពុំបានយល់ដឹងជ្រៅជ្រះអំពីផ្លូវច្បាប់ប៉ុន្មានទេ ទើបសំរេចចិត្តដឹកគ្រាប់មីននេះ មកប្រគល់ជូនសមត្ថកិច្ចដោយទឹកចិត្តស្មោះត្រង់សុទ្ធសាទ ។ ដូច្នេះ ក្នុងនាមថ្នាក់ដឹកនាំអង្គភាព គេហទំព័រ មាតុភូមិ សូមគោរពស្នើសុំការយោគយល់អធ្យាស្រ័យ ដោយក្តីសណ្តោសប្រណី ពីថ្នាក់ដឹកនាំគ្រប់ថ្នាក់ លើកលែងទោសកំហុស និងធ្វើ ការអប់រំណែនាំលោក ទឺ ពិទូ អោយដឹងខុសត្រូវលើផ្លូវច្បាប់ អំពីរឿងដឹកជញ្ជូនគ្រាប់រំសេវ ហើយដោះលែងអោយគាត់មានសេរីភាពឡើងវិញ ដោយក្តីអនុគ្រោះ ៕ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំបាទ ស៊ុន សុផល និពន្ធនាយក គេហទំព័រ មាតុភូមិ

Leave a Reply

Your email address will not be published. Required fields are marked *