នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ រដ្ឋបាលក្រុងស្ទឹងត្រែង និងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង បានសហការជាមួយមន្ទីរបរិស្ថានខេត្ត ដឹកនាំ និងជំរុញសកម្មភាពសម្អាតបរិស្ថាននៅសង្កាត់ព្រះបាទ និងសង្កាត់សាមគ្គី។ សកម្មភាពនេះមានគោលបំណងលើកកម្ពស់អនាម័យបរិស្ថាន ទីក្រុងស្អាត និងបង្ហាញពីស្មារតីសាមគ្គីភាពក្នុងសហគមន៍ ដើម្បីរួមចំណែកការពារបរិស្ថាន។

ក្នុងកម្មវិធីនេះ មានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន រួមមាន ក្រុមប្រឹក្សាសង្កាត់ កងកម្លាំងទាំងបី ប៉ុស្តិ៍រដ្ឋបាល លោកគ្រូអ្នកគ្រូ មេភូមិ អនុភូមិ សិស្សានុសិស្ស ប្រជាការពារភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ៥១៥ នាក់។
សកម្មភាពសម្អាតត្រូវបានប្រព្រឹត្តទៅនៅ ២ ទីតាំង៖
ទីតាំងទី១ នៅតាមផ្លូវជាតិលេខ ៩ និងផ្លូវលេខ ៥៤ ស្ថិតក្នុងភូមិបាចុង និងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ដោយមានអ្នកចូលរួម ប្រមាណ ២១៥ ៊នាក់ដោយធ្វើសកម្មភាព សម្អាតសំរាម បោសផ្លូវ និងរៀបចំទុកដាក់សំរាមនៅតាមបណ្ដោយផ្លូវជាតិ។

ទីតាំងទី២ នៅតាមផ្លូវជាតិលេខ ៧ ស្ថិតក្នុងភូមិហាងខូសួន និងភូមិហាងខូបាន សង្កាត់សាមគ្គីមានអ្នកចូលរួម៖ ៣០០ នាក់។ ដោយធ្វើសកម្មភាព បោសសំរាម ទុកដាក់សំរាមចូលធុង និងធ្វើការអប់រំផ្សព្វផ្សាយពីការរក្សាអនាម័យបរិស្ថានដល់ប្រជាពលរដ្ឋក្នុហតំមូលដ្ឋាននោះ។
អាជ្ញាធរក្រុងស្ទឹងត្រែងបានថ្លែងថា៖ “សកម្មភាពនេះគឺជាការបង្ហាញពីស្មារតីចូលរួមខ្ពស់ ក្នុងការយកចិត្តទុកដាក់ដល់សហគមន៍ និងជាការអប់រំ លើការយល់ដឹងពីសារៈសំខាន់នៃអនាម័យបរិស្ថាន ។” លោកក៏បានលើកឡើងថា អាជ្ញាធរនឹងបន្តជំរុញកម្មវិធីបែបនេះជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍក្រុងស្ទឹងត្រែងឲ្យក្លាយជាទីក្រុងបៃតង និងស្រស់ស្អាត។
ប្រជាពលរដ្ឋដែលចូលរួម ក៏បានបង្ហាញពីសេចក្ដីរីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពដ៍មានប្រយោជន៍នេះ។ ពួកគេក៏សង្ឃឹមថា នឹងអាចចូលរួមផ្លាស់ប្តូរទំលាប់នៃការទុកដាក់សំរាម របស់បងប្អូនក្នុងសហគមន៍អោយមានសណ្តាប់ធ្នាប់ល្អ ដើម្បីប្រែក្លាយមូលដ្ឋានខ្លួន ជាមូលដ្ឋានស្អាត គ្មានសម្រាមពាសវាលពាសកាល៕

Leave a Reply

Your email address will not be published. Required fields are marked *