ភ្នំពេញ ៖ លោកចោរចិត្តស្លុយម្នាក់ ចូលលួចផ្ទះអ្នកណាមិនលួច មកលួចចំផ្ទះរបស់គ្រូប្រដាល់គុនខ្មែរ អេភូថង ចុងក្រោយទាំងគ្រូទាំងសិស្សចាប់ក្របួចបាន ប្រគល់ជូនសមត្ថកិច្ច ។ហេតុការណ៍ចោរចូលគាស់ផ្ទះរបស់លោកគ្រូអេ ភូថង បានកើតឡើងនៅវេលាយប់ថ្ងៃទី ២២ ចូលថ្ងៃទី២៣ កុម្ភៈ ២០២៥ និងត្រូវបាន ម្ចាស់ផ្ទះ ចាប់បាន តែមុននឹងចាប់បានលោកចោរនេះ បានតដៃប៉ុន្មានក្បាច់ជាមួយកីឡាករល្បីឈ្មោះ អេ អំាម៉ារីន ភូថង តែក៏ត្រូវអាំមេរីន ផ្ដួលបានសម្រេច និងចងដៃមកក្រោយ ។
បើតាមអ្នកស្រីស សុម៉ាលី ភរិយាលោកអេភូថង អតីតស្ដេចប្រដាល់ និងជាគ្រូប្រដាល់នាបច្ចុប្បន្ន បាននិយាយថា ក្នុងរយៈប៉ុន្មានខែមកនេះ អ្នកស្រីតែងតែបាត់របស់ តែចាប់ចោរមិនដែលបាន ទើបតែពេលនេះ អ្នកស្រី និងកូនៗបានដាក់វេនគ្នាយាមចាំឃ្លាំមើល ស្រាប់តែឃើញដូចបំណងមែន គឺលោកចោរចូលមកគាស់ផ្ទះ និងត្រូវបានកូនៗ និងអ្នកស្រីចាប់បានផ្ទាល់តែម្ដង ។
ផ្តល់បទសម្ភាស៍ដល់សារព័ត៌មាន លោក អេអាំម៉ារីន ជាកូនប្រុសលោកគ្រូអេភូថង បានឲ្យដឹងថា បន្ទាប់ពីកាត់ឮសម្លេងប្លែក គាត់មកមើលក៏ឃើញបុរសម្នាក់គាស់ទ្វារចូលផ្ទះ។ គាត់ស្ទុះទៅចាប់ ចោរនោះតដៃ ហើយគាត់ក៏ទាត់ចោរនោះមួយជើង ទើបចាប់ចោរនោះបាន។
មានអ្នកបញ្ចេញមតិជាច្រើនលើបណ្ដាញសង្គមដោយនិយាយបែបលេងសើច យីលោកចោរនេះ ចូលផ្ទះអ្នកណាមិនចូលមកចូលចំផ្ទះគ្រួសារអ្នកប្រដាល់ (សុទ្ធតែអ្នកប្រដាល់មួយពូជ ) ចុងក្រោយដេកស្អាត ៕