ភ្នំពេញ៖ សំណុំរឿងឃាតកម្មករបុរសចិនសម្លាប់ស្ត្រីខ្មែរជាសង្សារ កប់ចោលក្នុងដីខ្សាច់ ត្រឹមរយៈពេលពីរថ្ងៃ ត្រូវកម្លាំងជំនាញព្រហ្មទណ្ធក្រសួងមហាផ្ទៃបំបែកបាន។ ជនសង្ស័យជាឃាត្តករពីរនាក់ត្រូវចាប់ខ្លួន ម្នាក់ទៀតជាមេខ្លោងនិងជាអ្នករៀបគម្រោងសម្លាប់បានរត់គេចខ្លួន។ នៅចំពោះមុខសមត្ថកិច្ចពួកគេសារភាពថា នារីរងគ្រោះដឹងរឿងសម្ងាត់ពួកគេច្រើនពេកទើបត្រូវសម្លាប់បំបិតមាត់។
បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអោយដឹងថា ស្ដ្រីម្នាក់ដែលត្រូវបានជនជាតិចិនសម្លា.ប់ រួចយកសពទៅកប់ក្នុងដីខ្សាច់ នៅផ្លូវ៦០ម៉ែត្រ ក្បែរផ្សារទំនើបអ៊ីអន៣ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញនោះ នៅពេលនេះ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវចាប់ខ្លួនបានហើយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ខណៈនៅសល់មេខ្លោងម្នាក់ កំពុងបន្ដរង់គេចខ្លួន ។
សូមបញ្ជាក់ថា មុននឹងឈានដល់ការបំបែបសំណុំរឿងឃាតកម្ម និងចាប់ខ្លួនបានក្រុមឃាតករជាបន្តបន្ទាប់ ដោយកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ទឹម សុភី អាយុ៤៥ឆ្នាំ ពាក់ព័ន្ធករណីបាត់កូនស្រី ឈ្មោះ ហេង សៀវលី អាយុ១៨ឆ្នាំ ។ ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងនគរបាលជំនាញ បើកធ្វើស៊ើបអង្កេតស្រាវជ្រាវរហូតប្រទះឃើញសាកស.ពនារីម្នាក់ ដែលមានភិនភាគដូចនឹងនារីរងគ្រោះ ដែលសង្ស័យជាករណីឃា.តកម្ម ត្រូវបានគេកប់ដីខ្សាច់ ក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។ ភ្លាមៗនោះកម្លាំងជំនាញបានបន្តការស្រាវជ្រាវ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ រួមមាន ៖ ទី១-ឈ្មោះ CHEN CONG អាយុ៣០ឆ្នាំ ជនជាតិចិន ឃាត់នៅត្រង់ចំណុចអាគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ជាសង្សានារីររងគ្រោះ) និងឈ្នោះ LI HAOHAO ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ ត្រង់ចំណុចស្ពានអាកាសសង្កាត់ចង្រែលើ ខណ្ឌមានជ័យ ។
ក្រោយពីការសាកសួរនាក់ទាំងពីរ បានសារភាពថា ពួកខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពសម្លាប់នារីជនរគ្រោះខាងលើមែន កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានឈ្មោះ YANG KAIXIN ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិចិន។ ពេលនេះរត់គេចខ្លួន។ បុគ្គរូបនេះជាអ្នករៀបចំគម្រោងសម្លា.ប់នារីជនរគ្រោះ ដោយមូលហេតុនារីរងគ្រោះ បានដឹងរឿងសង្ងាត់របស់ពួកខ្លួនច្រើនពេក ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ បច្ចុប្បន្នជនង្ស័យទាំងពីរនាក់ និងវត្ថុតាង ដែលដកហូតបាន ត្រូវបាននាយកដ្ឋានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕