ភ្នំពេញ៖ ស្រ្តីខ្មែរពីរនាក់ដែលស្នើសុំឲ្យជួយតាមរយៈការបង្ហោះហ្វេសប៊ុក ដោយអះអាងថា ខ្លួនបានចាញ់បោកមេខ្យល់ទៅដល់ប្រទេសចិន ពេលនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកម្ពុជាកំពុងចាត់វិធានការជួយអន្តរាគមន៍។ នេះបើតាមលោក ទូច សុខ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ឲ្យដឹងថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រឆាំងនឹងអំពើជួញដូរមនុស្ស កំពុងធ្វើកិច្ចអន្តរាគមន៍ជាបន្ទាន់ទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដែលក្នុងនោះ មានស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់ចិន ដើម្បីជួយសង្គ្រោះស្រ្តីពីរនាក់ដែលបានអះអាងថា ចាញ់បោកមេខ្យល់ទៅដល់ប្រទេសចិន។ ហើយបើតាមលោកទូច សុខះ ពេលនេះ សមត្ថកិច្ចរបស់ចិនបានរកឃើញគោលដៅ ឬក៏ទីតាំងដែលស្រី្តទាំង២ស្ថិតនៅក្រោមការឃាត់ ឬក៏ឃុំ ពីសំណាក់ជនសង្ស័យនោះដឹងអស់ហើយ។ ចំពោះលទ្ធផលចូលទៅរំដោះបានក្នុងកម្រិតណា នឹងរង់ចាំការរាយការណ៍ពីខាងសមត្ថកិច្ចរបស់ចិនមកកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន ហើយទូតកម្ពុជា នឹងរាយការណ៍បន្តមកកាន់ ថ្នាក់ដឹកនាំពាក់ព័ន្ធនៅប្រទេសកម្ពុជាដើម្បីឲ្យបានជ្រាប។
ជុំវិញករណីនេះ ឯកឧត្តម ស សុខា បានស្នើសុំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ជាទីបំផុតចំពោះការប្រើឧបាយកលនានា អូសទាញ បញ្ឆោត លួងលោម គ្រប់កលល្បិច ដើម្បីនាំទៅប្រទេសចិនតាមរយៈការទៅធ្វើការទទួលបានប្រាក់ខែច្រើន តាមរយៈការរៀបការប្ដីជាមួយចិន ធានាថា បានរស់សុខស្រួល និងក្លាយជាអ្នកមានបានប្រាក់ជាហួរហែ ជាពិសេសយុវវ័យនៅក្មេងទាំងអស់ កុំប្រញាប់ប្រញ៉ាល់ជឿទៅលើការអូសទាញរបស់មេខ្យល់ដែលបានប្រើគ្រប់មធ្យោបាយ ជាពិសេសឧបាយកលដែលយកប្រាក់មកធ្វើជាអន្ទាក់៕