ខេត្តក្រចេះ៖ សង្ស័យឆ្លងចរន្តអគ្គិសនី បង្ករជាអគ្គិភ័យឆាប ឆេះផ្ទះ១ខ្នង ស្លាប់ក្មេងប្រុសអាយុ១៤ ឆ្នាំម្នាក់ដែលសម្រាកនៅលើផ្ទះកើតហេតុនោះ។ ហេតុការណ៍នេះបានកើតឡើង
វេលាម៉ោង២១និង៤៥នាទី យប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។
បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅយប់កើតហេតុ ក្មេងប្រុសឈ្មោះ រីន វ៉ាន់ថង ភេទប្រុស អាយុ១៤ឆ្នាំ បានសម្រាកនៅលើផ្ទះនោះតែឯងខណះឪពុកម្ដាយរបស់គាត់សម្រាកនៅផ្ទះផ្សេងទៀតនៅខាងក្រោយ។ នៅពេលអគ្គីភ័យចាប់ផ្ដើមឆេះឡើងគេបានលឺសំលេងក្មេងប្រុសនោះស្រែកឲ្យជួយពីរដងប៉ុន្តែ គាត់ស្ងាត់បាត់ទៅ ឪពុកម្ដាយនិងប្រជាពលរដ្ឋនៅមូលដ្ឋានជួយទៅជួយអន្តរាគមន៍ ជួយមិនទាន់ដោយ សារចាក់ជាប់សោខាងក្នុង ។
សមត្ថកិច្ចបានអោយដឹងថា ផ្ទះ ១ខ្នងទំហំ ៧ម៉ែត្រ x ៨ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងក្តាប្រក់ស័ង្កសី(ឆេះខូចខាតអស់ទាំងស្រុង)ម្ចាស់ផ្ទះឈ្មោះ ជីន ចាន់ថន ភេទប្រុស អាយុ៣៩ឆ្នាំ ក្នុងនោះឆេះម៉ូតូចំនួន២ គ្រឿង ទូរសព្ទ័០២គ្រឿង ស្រូវចំនួន ៥បេ ឈើគ្រឿងផ្ទះ ០១សម្រាប់ អង្ករចំនួន ១បេ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
ករណីខាងលើនេះកម្លាំងអធិកា រដ្ឋាននគរបាលស្រុកស្នួល បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ដើម្បីអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន១ រថយន្ត ទើបរលត់ទាំងស្រុង មិនឆេះរាលដាលទៅកន្លែងផ្សេងទៀតទេ ៕