ក្រចេះ៖ អំណោយសប្បុរសរបស់ព្រះមន្រ្តីសង្ឃ នៅស្រុកឆ្លូង ខេត្តក្រចេះ តែងតែប្រគល់ដល់អនុសាខាកាកបាទក្រហមកម្ពុជា និងរដ្ឋបាលស្រុក ជារៀងរាល់ឆ្នាំមិនដែលខាន ដើម្បីបម្រើក្នុងការងារមនុស្សធម៌ និងជាការតបស្នងគុណនៃការដឹកនាំប្រទេសជាតិឲ្យមានភាពរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ។
អំណោយទាំងអស់នេះមានជាគ្រឿងឧបភោគបរិភោប សម្ភារៈប្រើប្រាស់ រួមនិងបច្ច័យចំនួន ៣លានរៀល ដឹកនាំដោយព្រះសៈមៈណៈញាណៈកិច្ច បេ សីហា ព្រះធម្មធម៌អនុគណស្រុក និងជាព្រះចៅអធិការវត្តពោធិព្រឹក្ស ហៅវត្តឈើទាលភ្លោះ ឃុំកញ្ជរ ស្រុកឆ្លូង ប្រគល់ដល់អនុសាខាកាកបាទ ក្រហមកម្ពុជា និងរដ្ឋបាលស្រុក កាលពីថ្ងៃម្សិលម៉ិញនេះ។
មានសង្ឃដីការព្រះធម្មធម៌អនុគណស្រុក បេ សីហា បានបញ្ជាក់ថា ៖ ជារៀងរាល់ឆ្នាំ ព្រះគ្រូតែងតែបិណ្ឌបាត្រកៀរគរព្រះមន្រ្តីសង្ឃ និងប្រជាពុទ្ធបរិស័ទ រួមនិងសប្បុរសជន ក្នុងការចូលរួមធ្វើបុណ្យសន្សំកុសល តាមរយៈសកម្មភាពនានា ជាពិសេសគឺសកម្មភាពមនុស្សធម៌ ដែលជាផ្នែកមួយក្នុងការចូលរួមតបស្នងទៅរាជរដ្ឋាភិបាល ដែលបានដឹកនាំកសាងប្រទេសជាតិ ឲ្យមានភាពរីកចម្រើន សម្បូរសប្បាយ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានភាពធូធារ និងមានលទ្ធភាពនិងឱកាសក្នុងការធ្វើបុណ្យរួមគ្នា ហើយក្នុងនោះដែរ វិស័យពុទ្ធសាសនា ក៏មានការអភិវឌ្ឍន៍រីកចម្រើនផងដែរ ។
លោកស្រី គង់ លឹមហូ អភិបាលស្រុក បានថ្លែងអំណរព្រះគុណចំពោះទឹកប្រទ័យរបស់ព្រះមន្រ្តីសង្ឃនៅទូទាំងស្រុក ជាពិសេសគឺព្រះគ្រូអនុគណស្រុក ដែលតែងតែគិតគូរ និងយកទឹកប្រទ័យទុកដាក់ ជាមួយអនុសាខាស្រុកជារៀងរាល់ឆ្នាំមិនដែលខាន បើទោះបីជាតិចក្តីច្រើនក្តី ក្នុងន័យធ្វើយ៉ាងណាជួយសម្រាលការរស់នៅរបស់ប្រជាពលរដ្ឋ និងដើម្បីផ្គត់ផ្គង់ទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់រដ្ឋបាលស្រុក និងអនុសាខាកាកបាទក្រហមកម្ពុជា៕