ខេត្តកណ្ដាល ៖ មានករណីផ្ទុះអាវុធបណ្តាលឲ្យមន្ត្រីនគរបាលពីរនាក់បានស្លាប់ កំលុងពេលក្រុមសមត្ថកិច្ចកំពុងបើប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ដោយក្រុមជនល្មើសមិនព្រមប្រគល់ខ្លួនឲ្យចាប់ ហើយបើកការបាញ់តដៃ។ ហេតុការណ៍បង្ក្រាបករណីគ្រឿងញៀន រហូតបង្កជាការផ្ទុះអាវុធនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលជាតិពីររូបដែលបានពលីក្នុងបុព្វហេតុបង្ក្រាបបទល្មើសគ្រឿងញៀននាពេលនេះ មាន៖ ទី១- លោក ជុច សុភា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលទួលព្រេជ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងទី២- មន្ត្រីនគរបាលឈ្មោះ រឹម សុផាន់ណា នៅផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល។ មន្ត្រីទាំងពីររូបត្រូវបានពលីជីវិតក្រោមស្នាដៃក្រុមឧក្រិដ្ឋជនគ្រឿងញៀន ខណៈពេលដែលលោកដឹកនាំកម្លាំងចុះទៅធ្វើការបង្ក្រាប ហើយក៏ត្រូវបានក្រុមជួញដូរគ្រឿងញៀនទាំងនោះ ប្រើប្រាស់កាំភ្លើងខ្លីម៉ារ៉ូឡូបាញ់តដៃប្រឆាំងនឹងការចាប់ខ្លួនពីសំណាក់សមត្ថកិច្ច។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងកំណត់បានមុខសញ្ញាក្រុមជួញដូរគ្រឿងញៀនខាងលើ កំពុងធ្វើសកម្មភាពនៅក្នុងផ្ទះតៀមមួយកន្លែង។ ក្រោយទទួលបានសេចក្តីរាយការណ៍ពីករណីជួយដូរគ្រឿងញៀននេះភ្លាម លោកនាយប៉ុស្តិ៍ដែលរងគ្រោះ បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ រួមទាំងកម្លាំងប្រជាការពារផង បានចុះទៅធ្វើការបង្ក្រាប ដើម្បីចាប់ខ្លួនជនសង្ស័យ។
ប្រភពខាងលើបន្តថា ពេលសមត្ថកិច្ចទៅដល់ទីតាំងដែលរាយការណ៍ថាមានក្រុមជនសង្ស័យកំពុងជួយដូរគ្រឿងញៀនភ្លាម ពួកគេហាក់ដឹងខ្លួនមុន ដោយគ្រាន់តែកម្លាំងនគរបាលបើកទ្វារបម្រុងនឹងចូលទៅចាប់ខ្លួនជនសង្ស័យ ស្រាប់តែពួកគេបានបាញ់រះ សំដៅមកលើសមត្ថកិច្ចដោយពុំព្រមប្រគល់ខ្លួនឲ្យចាប់ឡើយ។ ជាអកុសល្យកម្លាំងសមត្ថកិច្ចពីរនាក់បានស្លាប់ដោយរងនឹងគ្រាប់កំភ្លើងក្រុមជនល្មើស។ ក្នុងនោះម្នាក់ជាលោកនាយប៉ុស្តិ៍ស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯមន្ត្រីនគរបាលម្នាក់ទៀតរងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕