(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២ នៅសាលាខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី ២ ដល់កសិករ និងតំណាងសហគមន៍ កសិកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹង លោក ជា ថាវវិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង ។

មានប្រសាសន៍បើកក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លោក ជា ថាវរិទ្ធ បានមានប្រសាសន៍ថា ថ្ងៃនេះគឺជាឱកាសដ៏ល្អសម្រាប់បងប្អូនប្រជាកសិករ តំណាងសហគមន៍កសិកម្ម ក្នុងការទទួលបានព័ត៌មាន ពីការផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលដំណាក់កាលទី ២ ដែលជាប្រាក់កម្ចីយកអត្ត្រាការប្រាក់ទាប ដើម្បីជាប្រយោជន៍ ក្នុងការពង្រឹងអាជីវកម្ម និងពង្រីកការងារកសិកម្មក្នុងសហគមន៍របស់ខ្លួន ។
ជាមួយគ្នានោះលោកអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់អភិបាលក្រុង/ស្រុកទាំងអស់ ដែលបានចូលរួមសូមយកព័ត៌មាននេះ ជួយផ្សព្វផ្សាយបន្តដល់កសិករ នៅក្នុងសហគមន៍ តាមមូលដ្ឋានរបស់ខ្លួនផងដែរ ។

មានប្រសាសន៍ក្នុងអង្គពិធី ឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ផងដែរថា ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលដំណាក់កាលទី ២ គឺមានទឹកប្រាក់ចំនួន ៥០ លានដុល្លារ ប្រើប្រាស់ក្នុងក្របខណ្ឌស្ដារ សេដ្ឋកិច្ចឡើងវិញ ក្រោយពេលប្រទេសជាតិជួបវិបត្តិជំងឺកូវីដ១៩ ពោលគឺជាឥណទានមួយជួយជំរុញនាំមុខ ក្នុងវិស័យកសិកម្មផ្សេងៗ ។

ឯកឧត្តមបណ្ឌិតបានលើកទឹកចិត្ត ឲ្យបងប្អូនប្រជាកសិករ ចេះធ្វើការគ្រប់គ្រងអាជីវកម្ម ដោយធ្វើការកត់ត្រាចំណូល ចំណាយ ជាប្រចាំអោយបានច្បាស់លាស់ ព្រោះការណ៍នេះ វាជួយឲ្យអាជីវកម្មរបស់ប្អូន មានភាពរីកចំរើន និងដឹងអំពីការចំណេញ-ខាត។ ក្នុងនោះឯកឧត្តមបានបញ្ចាក់បន្ថែមថា÷ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងគិតគូរខ្លាំងលើជីវភាពរបស់បងប្អូនប្រជាកសិករ ពិសេស វិស័យកសិកម្ម គឺជាវិស័យអទិភាព ក្នុងបរិបទនៃកូវីដ១៩ នេះ, ដូចនេះឯកឧត្តមបណ្ឌិតលើកទឹកចិត្តឲ្យបងប្អូនកសិករ ចងក្រងជាសហគម និងធ្វើការផលិតតាមកិច្ចសន្យាកសិកម្ម ដើម្បីធានាចេរភាពនៃការផ្គត់ផ្គង់ចូលទីផ្សារ និងចំនេញថវិកា។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានស្នើសុំឲ្យបងប្អូនប្រជាកសិករ ប្រើប្រាស់ទុន ដែលទទួលបាន ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មឲ្យចំគោលដៅ និងចេះរកព័ត៌មានអំពីទីផ្សារ និងផលិតអោយចំគោលដៅ និងមានតម្រូវការទីផ្សារផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed