(បរទេស)៖ ក្រុមបុរាណវិទូរបស់ប្រទេសអ៊ីតាលី បានប្រទះឃើញថូបុរាណមួយ អំឡុងពេលធ្វើកំណាយលើអតីតរោងមហោស្រពចំណាស់ភាគខាងជើងប្រទេស ។ បន្ទាប់ពីការសម្អាតធូលីដោយប្រុងប្រយ័ត្នរួច, ពួកគេមើលទៅខាងក្នុងថូបុរាណមួយ ស្រាប់តែប្រទះឃើញកាក់មាសជាច្រើន ពណ៌លឿងឆ្អិនឆ្អៅ ដែលបើតាមស្មានវាមានតម្លៃមហាសាល ព្រោះវាជាកាក់មាសបុរាណកម្រមានបំផុតលើលោក។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រCNNនាពេលកន្លងទៅថ្មីៗនេះ។
បើតាមCNNបានស្រង់សម្តីបុរសម្នាក់ស្ថិតក្នុងហេតុការណ៍នោះ បានឱ្យដឹងថា កាក់មានរាប់រយ ដែលនៅចាំងចិញ្ចាចនេះ អាចមានអាយុកាលតាំងពីចក្រភពរ៉ូម៉ាំងឯណោះ ។ រតនសម្បត្តិ មានតម្លៃមិនអាចកាត់ថ្លៃបាននេះត្រូវ បានគេរកឃើញក្នុងថូចំណាស់កប់ក្រោមដីនៃរោងមហោស្រព Cressoni Theater នាទីក្រុងComo ភាគខាងជើង ប្រទេសអ៊ីតាលី។ តំបន់ដែលប្រទះឃើញថូនេះ កំពុងស្ថិតនៅក្រោមការកំណាយ ព្រោះជាតំបន់ប្រវត្តិសាស្ត្រមួយ។
ទាក់ទងនឹងការរកឃើញកាក់មាសដ៏ច្រើននេះ លោក Alberto Bonisoli ដែលជារដ្ឋមន្ត្រីក្រសួងវប្បធម បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានថា ខាងក្រសួងមិនទាន់ដឹងច្បាស់នៅឡើយអំពីរឿងរ៉ាវលម្អិត នៃកាក់មាស ។ លោកបន្តថា ការរុករកមានសារសំខាន់សម្រាប់ប្រវត្តិសាស្ត្រ និងវប្បធម៌។ ចំណែក តំបន់ដែលកំពុងស្ថិតក្រោមការរុករក វាពិតជាកំណត់បាននូវប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយសម្រាប់ក្រុមបុរាណវិទូ។ បើតាមប្រភពព័តមានដដែល បានបញ្ជាក់ថា កាក់នៅក្នុងថូនេះ ត្រូវបានប្រទះឃើញកាលពីសប្ដាហ៍មុន ហើយក្រុមអ្នកស្រាវជ្រាវបានបញ្ជូនទៅមន្ទីរពិសោធន៍របស់ក្រសួងជំនាញនៅឯក្រុង Milan ដើម្បីត្រួតពិនិត្យបន្ថែម។
រឿងរ៉ាវលម្អិត និង លទ្ធផល នៃការស្រាវជ្រាវដ៏ធំនេះ នឹងធ្វើឡើងក្នុងសន្និសីទ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដោយសារការស្រាវជ្រាវត្រូវចំណាយពេលយូរ ដើម្បីរកឫសគល់នៃកាក់មាស។ មន្ត្រីនៃក្រសួងជំនាញមិនបានធ្វើការ វាយតម្លៃទៅលើកាក់ទាំងនេះទេ។
ប៉ុន្តែបើតាមរបាយការណ៍ដោយសារព័ត៌មានរបស់ប្រទេសអ៊ីតាលីបានអះអាងថា វាអាចមានតម្លៃដល់ទៅរាប់លានដុល្លារ។
គួរបញ្ជាក់ថា កាក់នេះស្ថិតនៅក្នុងថូយ៉ាងល្អ ដោយនៅមានពណ៌លឿងឆ្អៅមើលទៅជាមាសល្អបំផុតក្នុងសម័យនោះ ប៉ុន្តែមិនទាន់ដឹងថា ស្ថិតក្នុងឆ្នាំនៅឡើយនោះទេ ដោយរង់ចាំការស្រាវជ្រាវសិន ។ ចំពោះរោងមហោស្រពនេះបានបើកដំណើរការកាលពីឆ្នាំ១៨០៧មុន ពេលធ្វើទំនើបកម្មមកជារោងភាពយន្ត ហើយក៏បិទទ្វារវិញក្នុងឆ្នាំ១៩៩៧ ។
តំបន់នេះនៅមិនឆ្ងាយពី Novum Comum ដែល ជាកន្លែងសំខាន់ មួយរបស់ចក្រភពរ៉ូម៉ាំងសម័យបុរាណ។ ក្រសួងបានបញ្ជាក់ថា ការប្រទះឃើញកាក់មាសទាំងនេះ គឺជារបកគំហើញដ៏អស្ចារ្យមួយសម្រាប់ការរុករកធ្វើកំណាយក្នុងតំបន់ ។ ដោយឡែក កាលពីឆ្នាំ2016កន្លងទៅក្រុមអ្នកបុរាណវិទូក៏បានប្រទះឃើញកាក់មាសមួយ ដែលមានអាយុកាលជាង២០០០ឆ្នាំ នៅតំបន់Jerusalemផងដែរ។ កាក់នោះមានមុខរបស់ Neroដែលជាអធិរាជចក្រភពរ៉ូម៉ាំងសម័យបុរាណ៕ ប្រភពៈ CNN